សែកស្អុយទៀតហើយ!អតីតពិធីករ លោក ភោ សុផានិត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងចេញសែកស្អុយ!
ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនអតីតពិធីករមួយរូបដែលធ្លាប់មានឈ្មោះល្បីក្នុងមជ្ឈដ្ឋានសិល្បៈ គឺលោក ភោ សុផានិត មកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីការបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ លោក វ៉ាន់ សែនវិសុទ្ធ។
ការនាំខ្លួនពិធីករឈ្មោះ ភោ សុផានិត មកកាន់តុលាការនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានដីការសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួររបស់តំណាងអយ្យការ ដោយចោទប្រកាន់លើឈ្មោះ ភោ សុផានិត ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីកំឡុងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ ច្បាប់ស្តីពី «ឧបករណ៍ដែលអាចជួញដូរបាន និងការលាងសំអាតសាច់ប្រាក់»។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រប្រព្រឹត្តិនៅរាជធានីភ្នំពេញ។ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៣០០ «ឃ១» ដ.ច.ន ចុះ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោក ភោ សុផានិត ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ។ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ
ចាត់ការតាមនីតិវិធី៕
ប្រភព និងរូបភាព៖ Fresh News