ទីបំផុត រដ្ឋាភិបាលកូរ៉េ ជួយសង់ស្ពានឆ្លងកាត់ទន្លេនៅភូមិសាស្ត្រភ្នំពេញ និងខេត្តកណ្តាលហើយ


(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។




សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេអស់ហើយ។ តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។





ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាសមិទ្ធផលមួយដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលរំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះលេចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេ៕





ប្រភព៖ Fresh News