ចាប់ខ្លួនគ្រូពេទ្យម្នាក់បញ្ជូនទៅតុលាការក្រោយចាក់ថ្នាំស្លាប់អ្នកជម្ងឺម្នាក់
ពោធិ៍សាត់៖ បុរសម្នាក់ជាគ្រូពេទ្យគ្មានជំនាញពិតប្រាកដបានចាក់ថ្នាំបណ្តាលឲ្យមនុស្សស្លាប់
ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តពោធិ៍សាត់។
ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះគាត ម៉ៅ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមគ្រួសារបានចេញពីភូមិរបស់គាត់មកមកស្នាក់នៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ក្នុងគោលបំណងចាំចំការរបស់គាត់ ខណៈនោះរូបគាត់ក៏ចាប់ផ្តើមមានជម្ងឺចុកដើមទ្រូងក្រុមគ្រួសារក៏បញ្ជូនមកព្យាបាលនៅផ្ទះគ្រូពេទ្យឈ្មោះឈុំ វណ្ណី គ្រូពេទ្យរូបនេះក៏សម្រេចទទួលការពិនិត្យព្យាបាលដោយចាក់ថ្នាំចំនួន៤ម្ជុលទៅក្នុងខ្លួនជនរងគ្រោះបានរយៈប្រមាណជា១០នាទីក្រោយមកជនរងគ្រោះស្រាប់តែឡើងស្លេះពេញបំពង់ករភ្លាមៗនោះ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់មួយរំពេច រហូតដល់ថ្ងៃ ទី១៥ព្រឹកមិញនេះក៏បែកធ្លាយរឿងនេះដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯកម៉ូ លីដា ស្នងការរងទទួលបន្ទុកការងារនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះឈ្មោះគាត ម៉ៅ បណ្តាលមកពីគ្រូពេទ្យទទួលព្យាបាលគ្មានច្បាប់អនុញ្ញាតិឲ្យព្យាបាលជម្ងឺពីក្រសួងសុខាភិបាលនិងគ្មានសញ្ញាប័ត្រត្រឹមត្រូវក្នុងការព្យាបាលទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បែបនេះ ។ លោកម៉ូ លីដាបានបន្តថា ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ឆ័យយ៉ាងយកចិត្តទុកដាក់ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយករណីគ្រូពេទ្យគាត ម៉ៅ ព្យាបាលដោយចាក់ថ្នាំបណ្តាលឲ្យជនរងគ្រោះស្លាប់ដោយអចេតនា សាកសពជនរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារធ្ចើបុណ្យតាមប្រពៃណី ៕ ប្រភព PDM