ចម្លើយពីភាគី មាស សុខសោភា ជុំវិញការចោទថានាងវាយឫក និងឈ្លើយមិនគួរឲ្យគោរព
គិតមកដល់ល្ងាចថ្ងៃទី៤ ខែធ្នូ ចម្លើយពិតចេញពីមាត់របស់តារាចម្រៀង មាស សុខសោភា មិនទាន់មាននៅឡើយទេ។ ប៉ុន្តែអ្នកគ្រប់គ្រងតារារូបនេះផ្ទាល់បានផ្ដល់ចម្លើយយ៉ាងខ្លីជួសមុខឲ្យកញ្ញា មាស សុខសោភា ដែលរងការចោទប្រកាន់ និងបង្កើតចម្ងល់ជាច្រើនចាប់តាំងពីព្រឹកម្សិលមិញ មក។
កញ្ញា មាស សុខសោភា ដែលបង្វែរទូរស័ព្ទរបស់ខ្លួនទៅឲ្យអ្នកគ្រប់គ្រងប្រុសម្នាក់និយាយជំនួសជាមួយ Sabay នៅមុននេះបន្តិចថា សោភា និងមិត្តភ័ក្ដិពិតជាបានទៅលេងនៅភ្នំគូលែនមែនកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ។
ចំពោះការចោទប្រកាន់ ថាពិត ឬមិនពិត? លោកឆ្លើយថា មានហេតុផលជាច្រើនដែលត្រូវពន្យល់ តែមិនចង់ឆ្លើយឆ្លង ឬបកស្រាយអ្វីទាំងអស់ ព្រោះមិនដឹងថាបានអ្វីមកវិញក្រៅតែពីធ្វើឲ្យមានរឿងកាន់តែវែងឆ្ងាយ។
ម្សិលមិញមាននារីម្នាក់ បានបង្ហាញអារម្មណ៍ខឹងសម្បាចំពោះកញ្ញា និងមិត្តភ័ក្ដិរបស់កញ្ញាពីរនាក់ផ្សេងទៀតតាមបណ្ដាញសង្គមត Tik Tok ថា”បានជួបផ្ទាល់នៅភ្នំគូលែន ឬកណាស់ ឈ្លើយណាស់ រើសអើងណាស់ ស្គាល់ច្បាស់ថាជា មាស សុខសោភា ថាមិនច្រឡំទេ រាក់ទាក់សុំគេថតជាមួយ គេធ្វើឬកសោះអង្គើយ គេថាថតមិនបានទេ”។
ត្បិតថាមិនទាន់មានចម្លើយពិតចេញពីមាត់របស់តារាចម្រៀង មាស សុខភា ចំពោះពាក្យចោទប្រកាន់នេះ តែមានសិល្បករ-សិល្បការិនីខ្មែរមួយចំនួនដែលស្គាល់ពីចរិតរបស់មាស សុខភា ច្បាស់នៅមិនទាន់ជឿលើការចោទប្រកាន់របស់នារីអ្នកលេងTik Tok នោះនៅឡើយទេ។ អ្នកដែលជឿថា មាស សុខសោភា ពុំមានចរិកឈ្លើយ ច្រឡោងខាម និងមិនគួរឲ្យគោរពនោះ គឺមានដូចជា៖ អ្នកនាង ចន ច័ន្ទលក្ខិណា លោក សាន ផានិត និងអ្នកនាង សូដា នីតា ជាដើម៕
ប្រភព៖ sabaynews