លោកចាងហ្វាង ផែង វណ្ណៈ បង្ហាញភស្តុតាងដែលបញ្ជាក់ថា លោកថន វីរៈ ពិតជាធ្លាប់ជាប់ពន្ធនាគារ ២ដងពិតប្រាកដ
សូម្បីតែដីរបស់ក្មួយនាយរដ្ឋមន្ត្រីក៏ ថន វីរៈ ……

បន្ទាប់ពីគេហទំព័រ PVNN បានផ្សាយព័ត៌មានអំពីប្រវត្តិអាស្រូវជាច្រេីនរបស់លោកថន វីរៈ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ លោក ថន វីរៈ បានធ្វើលិខិតបដិសេធមួយតាមរយៈមេធាវី ដោយបានបដិសេធដាច់អហង្ការថា លោក មិនធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ ដូចការផ្សាយរបស់ PVNN ទេ ។ ដេីម្បីបញ្ជាក់ជូនមហាជនអោយបានច្បាស់ ខ្ញុំសូមបង្ហាញនូវភស្តុតាងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងទង្វើរបស់ ថន វីរៈ ដូចខាងក្រោម ៖
តាមរយៈសាលដីកាលេខ ៣២ ង ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០៩ បង្ហាញថា ថន វីរៈ ធ្លាប់ជាប់ពន្ធនាគារលេីកទី១ រយៈពេល ១ ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ( អាវុធរបស់ ថន វីរៈ ត្រូវបានឃាតករយកទៅបាញ់សម្លាប់ មន្ត្រីបរិស្ថាននៅឧទ្យានជាតិព្រះសីហនុរាម ) និង តាមរយៈដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ ១០៩ តពដ/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៥ បង្ហាញថា ថន វីរៈ ពិតជាធ្លាប់ជាប់ពន្ធនាគារលេីកទី ២ពីបទ ឈូសឆាយដីព្រៃដោយគ្មានការអនុញ្ញាត ក្នុងដែន ឧទ្យានជាតិព្រះសីហនុរាម ។
ចំពោះការបកស្រាយថា លោក បានដាក់ពាក្យសុំលាឈប់ពីការងារនៅបញ្ជាការដ្ឋានអង្គរក្ស ដោយលេីកហេតុផលថាគ្មានពេលគ្រប់គ្រាន់នោះ មិនពិតទេ ព្រោះនៅព្រលប់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបំភ្លឺប្រាប់ PVNN ថា ថន វីរៈ មិនបានដាក់ពាក្យសុំលាឈប់ទេ គឺ ឯកឧត្តមជាអ្នកបណ្ដេញឈ្មោះ ថន វីរៈ នេះចេញពី បញ្ជាការដ្ឋានអង្គរក្ស ព្រោះតែ ថន វីរៈ នេះ មិនគោរពវិន័យកងទ័ព ហេីយអប់រំណែនាំមិនស្ដាប់ ថែមទាំងដេីរបោកប្រាស់ប្រជាពលរដ្ឋពាក់ព័ន្ធរឿងលក់ដីនៅខេត្តព្រះសីហនុជាច្រើនករណី ។
ក្រៅពីមានរឿងអាស្រូវខាងលេី ថន វីរៈ កំពុងជាប់បណ្ដឹងប្រជាពលរដ្ឋជាច្រើនករណីនៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីឆបោក និង យកដីប្រជាពលរដ្ឋ ក្នុងនោះសូម្បីតែក្មួយប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺកូនលោកជំទាវ ហ៊ុន សេងនី ក៏បានកំពុងប្ដឹងឈ្មោះ ថន វីរៈ ពីបទប្រេីអំពើហឹង្សាទៅលេីអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តទៅនៅភូមិ ថ្មធំ ឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដែរ ។
ដូច្នេះការបដិសេដរបស់ ថន វីរៈ តាមរយៈមេធាវី គ្រាន់តែជាការបន្តភូតកុហកមហាជនតែប៉ុណ្ណោះ ។ ជាពិសេសការដាក់លក្ខខណ្ឌ ២៤ ដេីម្បីតម្រូវឲ្យលោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយគេហទំព័រ PVNN ធ្វើការបំភ្លឺ និង សុំទោស ថន វីរៈ នោះ លោក ផែង វណ្ណៈ នឹងមិនសុំទោសជាដាច់ខាត ហេីយត្រៀមឯកសារពាក់ព័ន្ធទាំងអស់ទុកដាក់ជូនតុលាការ បេី ថន វីរៈ ប្ដឹងទៅតុលាការ ។





