ផេកកីឡាករ Real Madrid ប្រែក្លាយជាផេកលក់ឡេនៅស្រុកខ្មែរ
ទំព័របណ្ដាញសង្គមរបស់ខ្សែស្លាបស្ដាំរបស់ក្លឹប Real Madrid កីឡាករ Alvaro Odriozola ទំនងជាត្រូវបានជនមិនស្គាល់លួចចូលទៅគ្រប់គ្រង (Hack) ហើយអាចនឹងទំនងលក់បន្តមកជនជាតិខ្មែរ ដែលពេលនេះកំពុងប្រកបអាជីវកម្មលក់ឡេតាមបណ្ដាញហ្វេសប៊ុក។
បើតាមការសង្កេតមើលពីទិដ្ឋភាពទូទៅក្នុងផេក ផេករបស់ខ្សែស្លាបស្ដាំ Real Madrid ត្រូវបានជនជាតិខ្មែរប្រើប្រាស់មកប្រកបអាជីវកម្មលក់គ្រឿងសម្អាង និងលក់ឡេតាំងដើមខែធ្នូ ឆ្នាំ២០២០ មកម្ល៉េះ។
ចាប់តាំងពីនោះមក អាជីវកម្មលក់ឡេមួយនោះបានប្រើប្រាស់ទំព័រហ្វេសប៊ុក Alvaro Odriozola ទាំងមិនបានដូរឈ្មោះ ដូរជីវប្រវត្តិកីឡាករ និងលុបរូបចាស់ៗរបស់កីឡាកររូបនោះទៀតផង។ តាមការសង្កេតទៅ កីឡាករ ២៥ឆ្នាំរូបនេះមិនសូវជាសកម្មប៉ុន្មានទេនៅលើទំព័រហ្វេសប៊ុក ដោយគណនីគេមានតែអ្នកចូលចិត្តតែជាង ១ម៉ឺននាក់ ខណៈ Instagram គេមានអ្នកតាមដានជាង ៩០ម៉ឺននាក់ ហើយ Twitter មានអ្នកតាមដានជាង ២៥ម៉ឺននាក់។
រឿងហេតុនេះត្រូវបានទំព័រខ្មែរ ដែលជាអ្នកគាំទ្រ និងតាមដានបាល់ទាត់អឺរ៉ុបបានចែកចាយពេញបណ្ដាញសង្គមនៅក្នុងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ៕
ប្រភព៖ Sabay News