មេភូមិលួចលក់ដីរដ្ឋជិត ២០០ ហិកតា ត្រូវចាប់ខ្លួន
(ពោធិ៍សាត់)៖ មន្ត្រីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលស្រុកវាងវែង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ បានចុះបង្ក្រាបករណីឈូសឆាយរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋលក់ដោយខុសច្បាប់ នៅចំណុចតំបន់អណ្តូងស្រុក ស្ថិតក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមមានទី១ឈ្មោះ ពេញ សារ៉ន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាមេភូមិសំឡាញ់ និងទី២ឈ្មោះ វង់ ផល្លា ភេទប្រុស អាយុ ៥០ឆ្នាំ ជាមេការចាំដី និងជាអ្នកជួលគ្រឿងចក្រឈូសឆាយដី នៅតំបន់ខាងលើ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគបាលស្រុកវាលវែង បានអោយដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ពាក់ព័ន្ធករណី ឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋទំហំ ១៦៩ហិកតា នៅចំណុចតំបន់អណ្តូងស្រុក ស្ថិតក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ដើម្បីលក់ និងទិញដោយខុសច្បាប់។
លោកអធិការ បានបន្ថែមថា ករណីនេះអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ កំពុងបើកប្រតិបត្តិក្តៅ ដើម្បីឈានដល់ការឃាត់ខ្លួនបក្ខពួកដែលពាក់ព័ន្ធមួយចំនួន ជាបន្តទៀត។
ដោយឡែក ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចស្រុកវាងវែង កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕