ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពអនុវត្តន៍ឲ្យបានត្រឹមត្រូវស្របទៅតាមរដ្ឋធម្មនុញ្ញ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹក និងណែនាំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ក្នុងជួរកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងទ័ព ស្របទៅតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់កម្ពុជា ដើម្បីសម្រេចបានសមិទ្ធផលឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជូនជាតិ ប្រជាជន និងមាតុភូមិនោះ។


ការក្រើនរំលឹក និងណែនាំជាថ្មីម្តងទៀត របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នេះ គឺបានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខ២០២០ និងទិសដៅការងារយោធាសន្តិសុខ២០២១ របស់កងទ័ពជើងគោក រាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ក្នុងជួរកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដោយបានអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះ កម្លាំងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួនមានដូចជា ការងារការពារព្រំដែន ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមលើកិច្ចការស្តារ និងអភិវឌ្ឍជាតិ ព្រមទាំងចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍជាដើម។

ឯកឧត្តម បញ្ជាក់ទៀតថា សមិទ្ធផលទាំងនេះបានកើតឡើងក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមជាមួយនឹងឥស្សរជនរបស់ជាតិជាច្រើនរូបទៀត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជាការចូលរួមអនុវត្តតួនាទីភារកិច្ច របស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទទាំងអស់ ហើយក៏មិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភគាំទ្ររបស់ស្ថាប័នរដ្ឋ និងអង្គភាពសម្ព័ន្ធមេត្រីភាព ជាពិសេសពីសំណាក់ប្រជាពលរដ្ឋយើងតែម្តង។
ជាមួយគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់កងទ័ពជើងគោកទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយវិជ្ជាជីវៈជាកងទ័ព ដើម្បីបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍនជូនប្រទេសជាតិ និងប្រជាជនឲ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ៕
