សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័កឱ្យបាន១៤ថ្ងៃជាដាច់ខាត ដោយមិនត្រូវកាត់បន្ថយរយៈពេលនោះទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវសារជាថ្មីម្ដងទៀតដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ក៏ដូចជាអ្នកដំណើរមកពីប្រទេសផ្សេងៗ ត្រូវតែត្រួតពិនិត្យ ហើយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដាច់ខាតដោយមិនត្រូវធ្វើការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កនោះទេ។


ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលបានធ្វើឡើងនៅក្នុងខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ មានពលករខ្មែរ មកពីប្រទេសថៃចំនួនជាង៧ពាន់នាក់នៅក្នុងខេត្តចំនួន៧បាន និងកំពុងធ្វើចត្តាឡីស័ក ត្រូវតែធ្វើចត្តាឡីស័កឱ្យបានរយៈពេល១៤ថ្ងៃ ដោយមិនត្រូវធ្វើការកាត់បន្ថយពេលធ្វើចត្តាឡីស័កនោះទេ។

សម្តេចតេជោបានគូសបញ្ជាក់ថា “ពេលនេះមានពលករខ្មែរមកពីថៃជាង៧ពាន់នាក់ ក្នុងខេត្តចំនួន៧ កំពុងធ្វើចត្តាឡីស័ក។ ដូច្នេះការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មិនអាចធ្វើការកាត់បន្ថយចំនួនធ្វើនោះទេ ព្រោះថាកម្ពុជាបទពិសោធន៍ យើងមានរួចហើយ មានពលករខ្មែរមកពីថៃប្រមាណ៨០នាក់ បានឆ្លងជំងឺកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័កក្នុងចំណោមពលករខ្មែរនៅថៃជាង១០០នាក់ឆ្លងជំងឺនេះ”។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានស្នើសុំអង្វករចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃក៏ដូចជាចំពោះបងប្អូនមកពីក្រៅប្រទេស ត្រូវតែធ្វើការពិនិត្យឱ្យល្អិតល្អន់ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មិនត្រូវកាត់បន្ថយពេលជាដាច់ខាត។
សម្តេចតេជោបានលើកឡើងថា នៅក្នុងប្រទេសថៃ ក៏ដូចជានៅប្រទេសវៀតណាមបានកំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ ហើយមានពលករខ្មែរមកពីក្រៅប្រទេសប្រមាណ ៨០ នាក់ សុទ្ធតែឆ្លងជំងឺកូវីដ១៩ ដែលបញ្ហានេះ ត្រូវធ្វើការទប់ស្កាត់ពួកគាត់ឱ្យបានតឹងតែងបំផុតដើម្បីដាក់ពួកគាត់ ធ្វើចត្តាឡីស័កឱ្យបាន១៤ថ្ងៃ ។
សម្តេចតេជោបានបន្ថែមថា “ត្រូវដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាម ព្រំដែន មិនត្រូវឱ្យគាត់មកចូលមកទីក្រុងទេ បើមិនដូច្នេះទេ នឹងឆ្លងចូលសហគមន៍ហើយ។ យើងធ្លាប់ឆ្លងចូលសហគមន៍ តែយើងទប់ស្កាត់បាន។ អីចឹងយើងត្រូវខិតខំធ្វើ យ៉ាងណា ទប់ស្កាត់កុំឱ្យចូលមកទីក្រុង”៕
ប្រភព៖ក្រសួងព័ត៍មាន