លោក ឌួង ឆាយ មានវិប្បដិសារីចំពោះការបើកក្លិបរាត្រីនាំឲ្យមនុស្សជុំវិញខ្លួនក្លាយជាអ្នកប្រមឹក
លោក ឌួង ឆាយ ដែលជាឧកញ៉ាវ័យក្មេងម្នាក់ បានបង្ហាញពីវិប្បដិសារី ចំពោះការបើកសេវាកម្មក្លិបរាត្រី Sound Club កន្លងមក។ ឧកញ៉ាដែលល្បីឈ្មោះក្នុងបណ្តាញសង្គមរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្លិបរាត្រីនេះនាំឲ្យមនុស្សជុំវិញខ្លួនខូចទម្លាប់ ហើយក្លាយជាអ្នកបម្រឹក។ ដោយសារវិបត្តិកូវីដ-១៩ និងកត្តាផ្សេងទៀត លោក ឌួង ឆាយ បានបិទអាជីវកម្មនេះ កាលពីដើមខែកក្កដា កន្លងមក។
«ចែករំលែកបទពិសោធន៍ទៅកាន់ពូមីងបងប្អូនទាំងអស់គ្នា វិប្បដិសារី និងការស្តាយក្រោយដ៏ខ្លាំងបំផុតរបស់ខ្ញុំក្នុងការបើកសោនក្លឹប SOUND CLUB គឺបានធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់ខ្ញុំខូចទម្លាប់ក្លាយទៅជាអ្នកប្រមឹកស្រាគ្រឿងស្រវឹងសុរាមេរ័យ»។ លោក ឌួង ឆាយ បានសរសេរយ៉ាងដូច្នេះ កាលពីល្ងាចថ្ងៃទី៣១ ខែមករា។
សំណេរបន្ថែមលើរូបដែលលោកចែករំលែក (Share) ឡើងវិញ នូវអនុស្សាវរីយ៍ដែលលោកបានថតនៅមុខ Sound Club កាលពីខែកុម្ភៈឆ្នាំ២០១៩ មានអ្នកចុច Like និងដាក់ Emoji ផ្សេង ជាង២៨ពាន់ (28k) ការចូលរួមមតិជាង១ពាន់ (1k) និងចែករំលែកបន្ត (Shares) ជាង៦០០ បើគិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ នេះ។
លោក ឌួង ឆាយ ដែលមានអតីតកាលជាយុវជនទំនើងម្នាក់ ហើយបានប្រែក្លាយខ្លួនជាឧកញ៉ាដែលមានចិត្តសប្បុរសធម៌ ហើយក៏ធ្លាប់ទទួលបាននូវការកោតសរសើរពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។លោកបានសម្រេចបានក្លិបកម្សាន្ត Sound Club ដែលមានទីតាំងក្បែររដ្ឋសភា កាលពីខែកក្កដាកន្លងមក។ ក្នុង Facebook Live រយៈពេល៤០នាទី លោក ឌួង ឆាយ បានពន្យល់យ៉ាងក្បោះក្បាយពីការសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួន។ ហេតុផលចម្បងមានដូចជា វិបត្តិកូវីដ-១៩ ការមិនសហការបញ្ចុះតម្លៃពីម្ចាស់ដី ការធ្វើអាជីវកម្មមិនត្រូវជំនាញ និងមិនមានការគាំទ្រពីឪពុកម្តាយ។ ប៉ុន្តែជាមួយគ្នានេះ លោកក៏បានបង្ហាញអារម្មណ៍សោកស្តាយផងដែរចំពោះការបាត់បង់ការងារ និងប្រាក់ចំណូលរបស់បុគ្គលិកប្រមាណ២០០នាក់៕
ប្រភព៖ថ្មីៗ