ឪពុកដង្ហោយសុំរកយុត្តធម៍ក្រោយកូនប្តឹងចាប់ឪពុកដាក់ គុក យកដី ១៣ កន្លែងហើយ មកដណ្តើមយកផ្ទះកំពុងរស់នៅទៀត
សៀមរាប÷ឪពុកបង្កើតដង្ហោយសុំអោយស្ថាប័នច្បាប់ជួយផ្តល់យុត្តិធម៍ ដោយសុំអោយមានការស៊ើបអង្កេតល្អិតល្អន់ ត្បិតកូនបង្កើតប្តឹងយកដីចំនួន១៣កន្លែងហើយ នៅសុខៗក៍ជួលមនុស្ស ២ ទៅ៣នាក់អោយកាត់សោររបង ចូលមកនៅក្នុងផ្ទះដែលរូបគាត់កំពុងរស់នៅថែមទៀត។


ក្នុងរឿងក្តីនេះឪពុកឈ្មោះ មុយ ហ៊ួត អាយុ ៦៥ ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀម រាប។ ចំណែកកូនបង្កើតមានឈ្មោះមុយ វួចស៊ុន ភេទ ប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី។
លោកមុយ ហ៊ួត បាននិយាយអោយដឹងថា កូនប្រុសបង្កើតរបស់គាត់បានប្តឹងទាមទារយកដីរបស់គាត់ចំនួន១៣កន្លែងរួចមកហើយ ដោយដំណើររឿងកំពុងស្ថិតនៅសាលាឧទ្ទរណ៍នៅឡើយ។ ប៉ុន្តែកាលពីថ្ងៃទី ២ខែកុម្ភះឆ្នាំ២០២១នេះ កូនរបស់គាត់បានប្រើមនុស្សអោយមកកាត់សោររបង ហើយចាក់សោរថ្មីមិនអោយរូបគាត់ចូលផ្ទះដែលកំពុងរស់នៅទៀត។

លុះពេលរូបគាត់សម្រេចកាត់សោរហើយចេញចូលផ្ទះជាធម្មតាវិញ ស្រាប់តែនៅព្រឹកថ្ងៃទី៤ខែកុម្ភះនេះ ក៍មានបុរស២ នាក់ចូលមកនៅផ្ទះរបស់គាត់ អោយអះអាងថា កូនរបស់គាត់ជួលពួកគេអោយមកនៅកាន់កាប់។
ករណី នេះរូបលោកក៍បានប្តឹងសមត្ថកិច្ចមូលដ្ឋានសុំអន្តរាគមន៍បណ្តេញបុរស២នាក់នោះចេញពីផ្ទះគាត់ តែសមត្ថកិច្ចឆ្លើយថាមិនហ៊ាន។ លោកមុយ ហ៊ួត បន្តថា កាលពីអំឡុងឆ្នាំ២០១៨ កូនរបស់គាត់ បានមកកុហក់រូបគាត់ថា ដីដែលកំពុងដំណើរការជួលអោយគេនោះ ចប់កុងត្រាហើយ។ចឹងទេសុំអោយរូបលោកជាឪពុកផ្តិតមេដៃលើក្រដាសជាថ្មី ដើម្បីធ្វើកុងត្រាជួលបន្ត។

ប៉ុន្តែក្រោយផ្តិតមេដៃបានមិនដល់១ខែផង ក៍ស្រាប់តែកូនទៅចាក់សោររបងលើដី១៣កន្លែង ដោយអះអាងថា រូបគាត់បានផ្តិតមេដៃផ្ទេរសិទ្ធិអោយកូនអស់ហើយ។
ក្នុងគ្រាដែលដំណើររឿងកំពុងស្ថិតក្នុងស្ថាប័នតុលាការ កូនប្រុសរូបនេះក៍ជួលអ្នកផ្សេងមកគំរាមបណ្តេញរូបគាត់អោយចាកចេញពីផ្ទះដែលកំពុងរស់នៅអាស្រ័យផលថែម ទៀត។ លោកមុយ ហ៊ួត បានអោយដឹងទៀតថា ដីដែលរូបគាត់សង់ផ្ទះរស់នៅបច្ចុបន្នមានទំហ៊ុជាង៩០ម៉ែត្រគុណជាង១៤០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរូបគាត់កំពុងចិញ្ចឹមជ្រូក មាន់ ទាសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ប៉ុន្តែពេលនេះកូនប្រុស ដែលរូបគាត់ជាអ្នកផ្តល់កំណើតបែជាអោយអ្នកដទៃចូលមកធ្វើសកម្មភាពផ្ទុយនឹងច្បាប់ដាក់គាត់ទៅវិញ។ នៅយប់ថ្ងៃទី៥ខែកុម្ភះនេះ ជនមិនស្គាល់មុខបានមកកាត់សោររបងផ្ទះ ទាំងសម្ភារះ រួមទាំងជ្រូករាប់សិបក្បាលនៅក្នុងផ្ទះ មិនដឹងថាជនទាំងនោះ ធ្វើក្នុងបំណង លួចឬប្លន់យ៉ាងណានោះឡើយ។
សកម្មភាពទាំនេះ ក្នុងនាមជាពលរដ្ឋ និងជាឪ ពុក រូបលោក សុំអោយស្ថាប័នច្បាប់ គ្រប់ជាន់ថ្នាក់មេត្តាជួយទប់ស្កាត់ និងផ្តល់សុវត្ថិភាពដល់រូបលោក មុនពេលសាលក្រមតុលាការសម្រេច។ ត្បិតសកម្ម ភាពរបស់កូនប្រុស ដែលបានធ្វើនេះ អាចក្លាយជាអំពើចោរកម្ម ឬមនុស្សឃាតក៍អាចថាបាន ពីព្រោះសកម្មភាពកាត់សោរ ឬមនុស្សមិនស្គាល់អត្ត សញ្ញាណចូលក្នុងផ្ទះ សមត្ថកិច្ចមូលដ្ឋានឆ្លើយថាមិនហ៊ាន។
ជុំវិញ ការបកស្រាយ និងចោទប្រកាន់របស់លោកមុយ ហ៊ួត ថា កូនប្រុសបង្កើតរបស់ខ្លួន ជាអ្នកជួលមនុស្សអោយកាត់សោររបងផ្ទះនេះ យើងមិនអាចសុំការបំភ្លឺពីលោកមុយ វួចស៊ុន ជាកូនបង្កើតលោកមុយហ៊ួត បានទេ ត្បិតមានការអះអាងថា លោកកំពុងស្ថិតនៅប្រទេសអូស្ត្រាលី៕
