ប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្តមណ្ឌលគិរី សូមអំពាវនាវដល់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
លោករៀបរាប់នេះក្នុងនាមជាពលរដ្ឋម្នាក់រងគ្រោះ
មេត្តាជួយលោកផង ព្រោះដីរបស់ម្តាយលោក នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវគេយកធ្វើជាផ្លូវ ចូលទៅក្នុងបុរីលឹមឈាងហាក់។
ដូច្នេះ លោកសូមជម្រាបជូនសម្តេចតេជោ សម្តេចពុក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចម៉ែ ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់ខ្ញុំបាទ មេត្តាជ្រាបថា ដីខាងលើនេះ ក្រុមគ្រួសាររបស់លោកបានទិញស្របច្បាប់តាំងពីឆ្នាំ ១៩៩៩ មកម៉្លេះ តែបច្ចុប្បន្ននេះ បែរជាគេយកធ្វើជាផ្លូវចូលទៅក្នុងបុរីលឹមឈាងហាក់ទៅវិញ។ ហើយបញ្ហានេះ លោក និងក្រុមគ្រួសារ បានដាក់ពាក្យបណ្ដឹងទាមទារសំណងទៅគ្រប់កន្លែងអស់ហើយ តែគ្មានដំណោះស្រាយណាមួយទេ។
ក្នុងនោះ កាលពីឆ្នាំ២០១៧ ម្ដាយលោកបានដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ភ្នំពេញថ្មី ទៅសាលាខណ្ឌសែនសុខ និងដាក់ទៅសាលារាជធានីភ្នំពេញ ហើយក្នុងឆ្នាំ២០១៨ បានដាក់ពាក្យបណ្ដឹងម្ដងទៀត ទៅសាលាខណ្ឌសែនសុខ ខណៈលោក មូវ ម៉ានិត ឡើងកាន់តំណែងថ្មីៗ និងខណៈពេលដែលបុរីលឹមឈាងហាក់ បានចូលឈូសឆាយបើកផ្លូវមកលើដីរបស់ម្ដាយលោក ប៉ុន្តែកាលនោះ ទូរទស្សន៍បាយ័នបានចុះផ្សាយពីភាពអយុត្តិធម៌នេះ ទើបបុរីលឹមឈាងហាក់បានបិទផ្លូវនោះវិញ ។ ហើយភ្លាមនោះក្រោយការចុះផ្សាយនៅថ្ងៃទី ២៩ សីហា ២០១៨ លោកអភិបាលខណ្ឌសែនសុខ មូវ ម៉ានិត បានចាត់មន្រ្តីសាលាខណ្ឌឲ្យចុះមកពិនិត្យករណីនេះ និងបានធ្វើកំណត់ហេតុអំពីផលប៉ះពាល់ និងការទាមទារសំណងរបស់គ្រួសារលោក ក៏ប៉ុន្តែរហូតមកដល់ឆ្នាំ២០២០នេះ ដីរបស់ម្ដាយលោកនេះ បានក្លាយជាផ្លូវបេតុងចូលទៅក្នុងបុរីលឹមឈាងហាក់បាត់ទៅហើយ ដោយគ្មានការអើពើរកដំណោះស្រាយ ជូនក្រុមគ្រួសាររបស់លោក ។
លោក អ៉ិត ភារុន សូមជម្រាបសម្តេចពុក សម្ដេចម៉ែទៀតថា ដីរបស់ម្ដាយលោកមានទំហំទទឹង ២៧ម៉ែត្រ និងបណ្ដោយជាង៤០ម៉ែត្រ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (កាលពីឆ្នាំ១៩៩៩ ជាខណ្ឌឬស្សីកែវ) ហើយត្រូវអាជ្ញាធរយកទៅធ្វើផ្លូវអស់ចំនួន២០ម៉ែត្រ កាត់តាមបណ្ដោយដី ចូលទៅក្នុងបុរីលឹមឈាងហាក់ ។
ដូច្នេះករណីនេះ លោកជឿជាក់ថា មានតែសម្ដេចពុកសម្ដេចម៉ែ របស់ជនរួមជាតិ របស់កូនទេ ដែលអាចជួយដល់ក្រុមគ្រួសារខ្ញុំបាទបាន ។
ដីនេះឪពុកម្ដាយលោក បានទិញស្របច្បាប់តាំងពីឆ្នាំ១៩៩៩ មានការចុះហត្ថលេខាទទួលស្គាល់ និងប្រថាប់ត្រាត្រឹមត្រូវ តាមរយៈលោកចៅសង្កាត់ និងលោកអភិបាលខណ្ឌក្នុងជំនាន់នោះ។ បញ្ហានេះ គ្រួសារលោកមិនជំទាស់ទេ ចំពោះការបើកផ្លូវបម្រើដល់ប្រយោជន៍សាធារណៈ គឺសុំត្រឹមសំណងប៉ុណ្ណោះ ។ ហើយផ្លូវមួយនេះគឺបើកបម្រើផលប្រយោជន៍ចំពោះតែបុរីលឹមឈាងហាក់មួយប៉ុណ្ណោះ ។