ក្មេង​ស្រី​ម្នាក់​​ រត់​ចេញ​ពី​សណ្ឋាគារ ​ និង​កាស៊ីណូ​របស់​ចិន ​ស្រែក​ផង​យំ​ផង​ថា ​​ជួយ​ខ្ញុំ​ផង​​​​

នៅ​វេលា​ម៉ោង​១០​និង៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២០ ​មាន​ការ​ផ្ទុះ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ ដោយសារ​តែ​ក្មេង​ស្រី​ម្នាក់​ បាន​រត់ចេញ ពី​សណ្ឋាគារ​សណ្ឋាគារ​ និង​កាស៊ីណូ (​ហាវ​ឆឹង ហៅ​រលក​ធំ​)​របស់​ជនជាតិ​ចិន ​ស្រែក​ផង​យំ​ផង​ថា ​(​ជួយ​ខ្ញុំ​ផង​)​ ប៉ុន្តែ​ចុះ​ដល់​ខាងមុខ​អាគារ​ ត្រូវ​បាន​សន្តិសុខ​ធ្វើការ​ចាប់​ទុក​ប្រគល់​ជូន​សមត្ថកិច្ច។

Banner Sidebar 1 – ទឹកលាងដៃ

សណ្ឋាគារ​ និង​កាស៊ីណូ​ហាវ​ឆឹង​ មាន​ទីតាំង​នៅ​ខាង​មុខ​កាហ្វេ​ស្តារ ផាក​តាម​បណ្ដោយ​វិថី​៧​មករា ស្ថិត​ក្នុង​ភូមិ​លេខ​៣ សង្កាត់​៤​ ក្រុង ​ព្រះសីហនុ ​ហើយ​ទើប​បើក​ដំណើរការ ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ក្រោយ​កើត​ហេតុ​ ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ ខេត្ត​ព្រះសីហនុ​ ក៏បាន​ចុះ​ដល់​ចំណុច កើតហេតុ​ផង​ដែរ​ និង​បាន​ធ្វើការ​ឆែកឆេរ​បន្ទប់​លេខ​៨៦០៥​ជាន់​ទី​៦ ដែល​ជា​បន្ទប់​​​របស់ ស្ត្រី​វ័យក្មេង​ខាង​លើ​ស្នាក់នៅ​ ឃើញ​មាន​សុទ្ធ​ថ្នាំញៀន​នៅ​រាយប៉ាយ​ពេញ​លើ​គ្រែ​ពូក និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ផ្សេងទៀត​ក្នុង​នោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ផង​ដែរ។

បើ​តាម​របាយការណ៍​របស់​កង​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើការ ឃាត់​ខ្លួន​​​ បាន​ចំនួន​០៤​នាក់​នេះ​ គឺ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ ដោយ​លោក​វរសេនីយ៍ត្រី​ ឡុង គឹម​ហួរ នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ។

ជនសង្ស័យ​ចំនួន​៤​នាក់​រួមមាន ​៖​ ទី​១-​ឈ្មោះ ណាន ខៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​ជនជាតិ​ចិន​ មុខរបរ ជា​បុគ្គលិក​សណ្ឋាគារ​ ស្រុកកំណើត​ ប្រទេស​ចិន​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​៣​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។ ទី​២- ឈ្មោះ ស្រ៊ុន សុ​ថៃ​លីន ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បម្រើការ​ខារ៉ាអូខេ​ ស្រុកកំណើត​ភូមិ​៤​សង្កាត់​៤ ខេត្ត​ព្រះសីហនុ​ បច្ចុប្បន្ន​ស្នាក់នៅ​ ភូមិ​៣​សង្កាត់​៤ ក្រុងព្រះសីហនុ​។​ ទី​៣ – ឈ្មោះ សុ​ត រចនា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ ​ខារ៉ាអូខេ ស្រុកកំណើត ភ្នំពេញ​បច្ចុប្បន្ន​ស្នាក់នៅ ​ ភូមិ​៣ ​សង្កាត់​៤ ក្រុងព្រះសីហនុ​។​ ទី​៤-​ឈ្មោះ នី នាង​តូច ភេទ​ស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភូមិ​បឹងរាំង ឃុំ​ភ្នំ​តូច ស្រុក មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ។

ក្រោយពេល ឆែកឆេរ និង​ចាប់​ខ្លួន ​សមត្ថកិច្ច​ បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​បទល្មើស​ជាក់ស្ដែង រួមមាន​ទី​១/ ម្សៅ ស​ថ្លា ចំនួន​២ កញ្ចប់ ទម្ងន់ ២,៣០ ក្រាម .​ទី​២/ ថ្នាំ​ខេ​ចំនួន​២​កញ្ចប់​ទម្ងន់​១,៦៦ ក្រាម .​ទី​៣/ ថ្នាំ​ពណ៌​បៃតង ចំនួន​៦​ទម្ងន់​២,៨២ ក្រាម​ .​ទី​៤/ កញ្ឆា​មូល​ជា​បារី​ចំនួន​៤​ដើម​ .​ទី​៥/​ដែកកេះ​ចំនួន​៥. ទី​៦/​ទូរស័ព្ទ​ចំនួន​០១​គ្រឿង។

បើ​តាម​ចម្លើយ​របស់​ក្មេងស្រី​ជា​ជនជាតិ​ខ្មែរ​ប្រាប់​ថា ពួក​នាង​មិន​មែន​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​នេះ​ទេ​ ​គ្រាន់តែ​ធ្លាប់តែ​ប្រើ​ប៉ុណ្ណោះ ហើយ​គ្រឿងញៀន​នេះ​ជា​របស់​ជនជាតិ​ចិន​ឈ្មោះ ណាន ខៃ ដោយ​ពួក​នាង​មិន​ថា គ្រឿងញៀន​ច្រើន​យ៉ាង​នេះ ជនជាតិ​ចិន​នោះ យក​មកពី​ទីណា​នោះ​ដែរ ដោយ​ពួកនាង​ត្រូវ​បាន​ជនជាតិ​ចិន​នោះ នាំមក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​នៅ​ព្រឹក​ ថ្ងៃទី​២៤​នេះ ប៉ុណ្ណោះ។

ចំណែក​ក្មេង​ស្រី​ម្នាក់ទៀត ​ដែល​សង្ស័យ​ថា​ប្រើ​គ្រឿងញៀន​លើស​កម្រិត​រហូតដល់​មាន​កាយវិការ​ប្លែកៗ​ចុះ​រត់​ផ្អើល​គេឯង​នោះ ពួកនាង​ថា បាន​យក​គ្រឿងញៀន​លាយ​ជាមួយ​ ភេសជ្ជៈ គោ​ជល់ ហើយ​ផឹក ទើប​មាន​អាកា​រៈ ដូច្នេះ​តែ​ម្ដង។

ពាក់ព័ន្ធ​ទៅ​នឹង​ហេតុការណ៍​ខាង​លើ​នេះ ​ដំបូង​ឡើយ​ក្រុម​អ្នក​សារព័ត៌មាន ​មិន​ត្រូវ​បាន​មេការ​សណ្ឋាគារ និង​កាស៊ីណូ​ ដែល​ជា​ជនជាតិ​ចិន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន ឬ​ថតរូប​នោះ​ឡើយ តែ​ក្រោយមក ដោយមាន​ការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ ទើប​អ្នក​សារព័ត៌មាន​អាច​ចូល​ថត​ និង​យក​ព័ត៌មាន​បាន។ ជាមួយនឹង​បញ្ហា​​នេះ ខណៈពេល ក្រុម​អ្នក​សារព័ត៌មាន​ កំពុង​បំពេញ​ភារកិច្ច ក៏​មាន​ជនជាតិ​ចិន ម្នាក់ទៀត ដែល គេ​អះអាងថា ជា​មេការ​ធំ​មើល​ការ​ខុស​ត្រូវ​សណ្ឋាគារ និង​កាស៊ីណូ ហាវ​ឆឹង ហៅ​រលក​ធំ នេះ បាន​បើក​បង្ហាញ​រូបថត យោធា ជាន់ ខ្ពស់​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែលមាន​នៅ​ក្នុង​ទូរសព្ទរបស់​ខ្លួន ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ មន្ត្រី​យោធា​រូប​នេះ ​គឺជា​ថៅកែ ធំ​របស់​ពួកគេ។ ការ​បង្ហាញ​រូបថត ថ្នាក់​នាយ​ឧត្ដមសេនីយ៍ បែប​នេះ​មិន​ដឹង​ថា ពួកគាត់ ជា​ជន​ជាតិ​ចិន​ ចង់​មាន មានន័យ បែប​ណា​នោះ​ទេ​ ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន។

បច្ចុប្បន្ន​ ជនជាប់សង្ស័យ​ទាំង​៤​នាក់​ខាងលើ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​សាក សួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕​ ប្រភព​ កម្ពុជា​ ថ្មី​

អត្ថបទដែលជាប់ទាក់ទង