ឯកឧត្ដម​ គីម​ សន្តិភាព​ ៖​ ក្រសួង​យុត្តិធម៌​ កំពុង​តាមដាន​ករណី​ប្ដឹង​ផ្ដល់​គ្នា​រវាង​ឧកញ៉ា​ ហេង​ សៀ​ និង​ កញ្ញា​ មាន​ ពេជ្រ​ រីតា​ ដោយយកចិត្តទុកដាក់បំផុត​

ឯកឧត្ដម​ គីម​ សន្តិភាព​ រដ្ឋ​លេខា​ធិការ​ និង​ ជាអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បានបង្ហោះ​សារនៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅរសៀល​ថ្ងៃ​នេះ​ថា​ ៖​ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃនេះ មានការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង។ 

Banner Sidebar 1 – ទឹកលាងដៃ

ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។ 

ក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា រហូតមកដល់ម៉ោងនេះ សាធារណជនទទួលបានតែព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា។

ដូចនេះ ដើម្បីកំណត់ភាគីណាខុសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុងសំណុំរឿងទាំងពីរនេះ។ 

ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ និងសូមអំពាវនាវបងប្អូនសាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះជូនទៅស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង