ការប្រឡងជ្រើសរើសគ្រូ «បរិញ្ញា+១»និង «បរិញ្ញា+២» បេក្ខជនត្រូវភ្ជាប់មកជាមួយនូវកាតសម្គាល់ខ្លួនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅថ្ងៃប្រឡងជ្រើសរើសគ្រូ «បរិញ្ញា+១» និង«បរិញ្ញា+២» បេក្ខជនទាំងអស់ត្រូវភ្ជាប់មកជាមួយនូវកាតសម្គាល់ដែលសាមីខ្លួនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីជាការរួមចំណែកក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ។
ឯកឧត្តម រស់ សុវាចា អ្នក នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២១- ២០២២ ក្រសួងអប់រំ បាន សម្រេចប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដមចំនួន ១០០០ នាក់ តាមប្រព័ន្ធបណ្ដុះ បណ្ដាល «បរិញ្ញា+១» និងចំនួន ១០០ នាក់តាមប្រព័ន្ធបណ្តុះបណ្តាល «បរិញ្ញា+២» ដើម្បីចាប់ផ្ដើមទទួលការបណ្តុះបណ្តាលនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាស្ថានជាតិអប់រំ។
អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា បេក្ខជនដែលមកប្រឡង ត្រូវភ្ជាប់មកជាមួយនូវកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រីឯក្នុងករណីដែលមិនមាន ត្រូវមានលិខិត បញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាល។
សំឡេង៖ «នៅថ្ងៃប្រឡង ជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម «បរិញ្ញា+១» និង «បរិញ្ញា+២» បេក្ខជនប្រឡងទាំងអស់ត្រូវភ្ជាប់មកជាមួយនូវកាតសម្គាល់ដែលសាមីខ្លួនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ក្នុងករណីដែលបេក្ខជនមិនអាចទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន ត្រូវមានលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានី ខេត្ត ។ បេក្ខជនណា ដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានី ខេត្ត គណៈកម្មការរៀបចំការប្រឡងមិនអនុញ្ញាតឱ្យបេក្ខជននោះចូលរួមប្រឡងឡើយ»។
យោងតាមលិខិតរបស់ក្រសួងអប់រំជម្រាបទៅកាន់ប្រធានអង្គភាពក្រោមឱវាទ និងប្រធានមន្ទីរអប់រំរាជធានី- ខេត្ដ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ ក្រសួងអប់រំត្រូវការប្រឡងជ្រើសរើសនិងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដមចំនួន ១ ០០០ នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល «បរិញ្ញា+១» និងចំនួន ១០០ នាក់តាមប្រព័ន្ធបណ្តុះបណ្តាល «បរិញ្ញា+២» ដើម្បីចាប់ផ្ដើមទទួលការបណ្តុះបណ្តាលនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅវិទ្យាស្ថានជាតិអប់រំ។ កាលបរិច្ឆេទផុត កំណត់ទទួលពាក្យបេក្ខជននៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១។ រីឯសម័យប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា ការប្រឡងជ្រើសរើស និងបណ្ដុះ បណ្ដាលគ្រូបង្រៀនកម្រិត «បរិញ្ញា+១» និងកម្រិត «បរិញ្ញា+២» នេះជាការប្រឡងជ្រើសរើសវិលជុំដែលក្រសួងតែងតែធ្វើជារៀងរាល់ឆ្នាំ។ ប៉ុន្ដែកាលពីឆ្នាំ ២០២០ ដោយសារតែបញ្ហាកូវីដក្រសួងផ្អាកក្នុងការប្រឡងជ្រើសរើស ១ ឆ្នាំ។ដូច្នេះឆ្នាំនេះ គឺក្រសួងមានតម្រូវការជ្រើសរើស។ តាមសេចក្ដីជូន ដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ការប្រឡងជ្រើស រើសឆ្នាំនេះ ប្រសិនបើក្រសួងអាចប្រឡងជ្រើសរើសដោយផ្ទាល់បាន ក្រសួងនឹងធ្វើ ប៉ុន្ដែបើមិនអាចប្រឡងដោយផ្ទាល់បានទេ ក្រសួងនឹងធ្វើតាមអនឡាញ៕