អ្នកនាំពាក្យក្រសួងព័ត៌មានអះអាងថា ការប្រាស័យទំនាក់ទំនងរវាងស្ថាប័នសាធារណៈជាមួយអ្នកសារព័ត៌មាន នាពេលបច្ចុប្បន្នមានភាពប្រសើរជាងមុនឆ្ងាយ
មន្ត្រីអ្នកនាំពាក្រសួងព័ត៌មានបានអះអាងថា ការប្រាស័យទំនាក់ទំនងរវាងស្ថាប័នសាធារណៈជាមួយអ្នកសារព័ត៌មាន នាពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងមុនឆ្ងាយណាស់។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានមតិថា មានការលំបាកមួយចំនួនក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈពីវាគ្មិនដែលបានចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ស្ដីពីសេរីភាពសារព័ត៌មានពិភពលោកតាមប្រព័ន្ធZoom នាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១នេះ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំក្រសួងព័ត៌មានបានថ្លែងថា យន្តការដែលរាជរដ្ឋាភិបាលបានកំពុងតែដាក់ឱ្យអនុវត្តនាពេលបច្ចុប្បន្ននេះគឺពង្រឹងកិច្ចសហប្រតិបត្តិការ និង កិច្ចសហការល្អរវាងអ្នកសារព័ត៌មានជាមួយស្ថាប័នរាជរដ្ឋាភិបាលគឺជាយន្តការដ៏មានសារៈសំខាន់ដែលតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរួមគ្នា មានភាពស្មោះត្រង់ មានការទទួលខុសត្រូវក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។
ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងថា រាជរដ្ឋាភិបាលមានអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល មានក្រុមអ្នកនាំពាក្យតាមក្រសួងស្ថាប័នក៏ដូចជា មានមន្ត្រីអ្នកនាំពាក្យថ្នាក់រាជធានី ខេត្ត ក្រុង ផងដែរ ដែលជាយន្តការនៅក្នុងការផ្លាស់ប្តូរនិងផ្តល់ព័ត៌មានទៅដល់អ្នកសារព័ត៌មានឱ្យបានលឿន ឱ្យបានឆាប់រហ័សនៅក្នុងការផ្សព្វផ្សាយព័ត៌មានដើម្បីបម្រើផលប្រយោជន៍សាធារណៈ ប៉ុន្តែទន្ទឹមនឹងនោះអ្នកសារព័ត៌មានក៏ត្រូវយល់ពីតួនាទី និងសិទ្ធិរបស់ខ្លួនផងដែរ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំក្រសួងព័ត៌មានបាន បានថ្លែងថា«ខ្ញុំយល់ឃើញថា ការអនុវត្តវិជ្ជាជីវៈ ការធ្វើប្រាស្រ័យទំនាក់ទំនងនៅក្នុងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធក៏ដូចជាអង្គភាពពាក់ព័ន្ធគឺមានភាពកាន់តែល្អប្រសើរ ការលើកឡើងពីអវិជ្ជមាន វាមិនមែនជាករណីទូទៅដែលអាចយកមកវាយតម្លៃថា គ្រប់ព័ត៌មានដែលស្ថាប័នរាជរដ្ឋាភិបាលផ្តល់ជូនទៅសុទ្ធតែមានការលាក់លៀមឬសុទ្ធតែមិនបានឆ្លើយទៅតាមសំណូមពរឬក៏តម្រូវការចង់បានរបស់អ្នកសារព័ត៌មាននោះទេ»។
ឯកឧត្តម អ្នកនាំក្រសួងព័ត៌មានបានបន្ថែមថា «ជារួមទិដ្ឋភាពនៅក្នុងការប្រាស័យទាក់ទងក្នុងការផ្ដល់ព័ត៌មានទៅដល់អ្នកសារព័ត៌មាននាពេលបច្ចុប្បន្ននេះ យើងឃើញថា មានវឌ្ឍនភាពនិងមានយន្តការសម្របសម្រួលជាច្រើនដែលអាចអនុញ្ញាតឱ្យអ្នកសារព័ត៌មានទទួលបាននូវព័ត៌មានពីស្ថាប័នពាក់ព័ន្ធ។ ដូច្នេះយើងក៏ត្រូវតែពិនិត្យឡើងវិញផងដែរអំពីតួនាទីភារកិច្ច អំពីករណីកិច្ច អំពីកាតព្វកិច្ច និងមុខងាររបស់ខ្លួនយ៉ាងណាឱ្យការប្រាស្រ័យទាក់ទង ការសហការរវាងស្ថាប័នទាំងអស់ឱ្យកាន់តែល្អប្រសើរ ហើយខ្ញុំយល់ឃើញថា ការសហការដោយស្មោះត្រង់ ការអនុវត្តវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវផ្សារភ្ជាប់ទៅនឹងករណីកិច្ច កាតព្វកិច្ច និងវិធានច្បាប់នានាគឺជាយន្តការដ៏ប្រសើរបំផុតសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ដូច្នេះបញ្ហានាពេលបច្ចុប្បន្ននេះ ខ្ញុំយល់ឃើញថា យន្តការនៅក្នុងការប្រាស័យ ទំនាក់ទំនងរវាងស្ថាប័នសាធារណៈជាមួយអ្នកសារព័ត៌មានយើងមានភាពប្រសើរជាងមុនឆ្ងាយ»៕
ប្រភព៖ក្រសួងព័ត៍មាន