សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យស្ថាប័ន និងរាជធានី ខេត្ត បញ្ឈប់ការស្នើសុំការចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច ដែលនាំឱ្យវ៉ាក់សាំងគ្មានប្រសិទ្ធភាព

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីតាមស្ថាប័ននានា និងអភិបាលរាជធានី ខេត្ត បញ្ឈប់នូវការស្នើសុំ ទៅលើការចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច ដែលទីបំផុតមិនអាចធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព ខណៈដែលរាជធានីភ្នំពេញមានមនុស្សប្រមាណជា ៥០ ទៅ៦០ភាគរយ ឬអាចលើសពីចំនួននេះ បានទទួលការចាក់វ៉ាក់សាំងរួចហើយនោះ។

Banner Sidebar 1 – ទឹកលាងដៃ

ក្នុងសារជាសំឡេង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ផ្ញើជូនស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តនានា ជុំវិញការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅមានការស្នើសុំមកសម្ដេចជាបន្តបន្ទាប់ នូវការស្នើសុំចាក់វ៉ាក់សាំងទៅតាមខេត្ត ឬទៅតាមក្រសួង ដែលម្សិលមិញនេះក្រៅពីក្រសួង ក៏នូវមានការស្នើសុំឱ្យចាក់ទៅតាមវិស័យ នៅកន្លែងខេត្តនេះ ឬខេត្តនោះ ដូចជា វិស័យទេសចរណ៍ ហើយក៏មានក្រុមហ៊ុនខ្លះក៏បានស្នើសុំឱ្យចាក់នៅតាមក្រុមហ៊ុនរបស់ខ្លួន។

សម្ដេចតេជោថ្លែងបញ្ជាក់ថា “ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូន សម្ដេច ឯកឧត្ដម លោកជំទាវ ជាពិសសគឺប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងថា យើងបានដាក់ចេញនូវផែនការមេ ដែលជាយុទ្ធសាស្ត្រសម្រាប់ការដំណើរការ នៃការចាក់វ៉ាក់សាំង ក្នុងនោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុងចេញទៅក្រៅ។ ដូច្នេះខ្ញុំសូមបញ្ជាក់ជូនថា យើងមិនអាចដំណើរការចាក់វ៉ាក់សាំងទៅកន្លែងនេះបន្តិច ទៅកន្លែងនោះបន្តិចបានទេ បើធ្វើយ៉ាងដូច្នេះយើងនឹងមិនទទួលបានផល នៅក្នុងបញ្ហានៃការចាក់វ៉ាក់សាំងនេះទេ”។ សម្ដេចតេជោលើកឡើងថា ឧទាហរណ៍ថា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើសំណូមពរការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើវិស័យទេសចរណ៍ នៅតំបន់នេះមានចំនួនប៉ុន្មានពាន់នាក់ តំបន់នោះប៉ុន្មានពាន់នាក់ ធ្វើយ៉ាងដូច្នេះវាមិនគ្រប់គ្រាន់ទេ ដោយសារតែមនុស្សរាប់សិបម៉ឺននាក់ យើងចាក់បានតែត្រឹម ៤ ០០០ ឬ ៥ ០០០ នាក់គ្មានផលប្រយោជន៍ទេ។ ដូច្នេះបានជាយើងរៀបចំយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង ដើម្បីឱ្យវាមានភាពសាំ ដែលយើងចាក់ស្រោចនៅគ្រប់ទីកន្លែងដែលយើងផ្ដល់អាទិភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តថា ឥឡូវនេះវ៉ាក់សាំងត្រូវតែចាក់នៅលើទីក្រុងភ្នំពេញមុន ដែលយើងបាននិងកំពុងតែធ្វើយុទ្ធនាការនៃការចាក់ ដែលរហូតមកដល់ពេលនេះបានប្រមាណជាង ១លាននាក់ហើយ។ ដូច្នេះ ការចាក់នៅរាជធានីភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុតរបស់យើង បន្ទាប់មកគឺបណ្ដាទីប្រជុំជនក្នុងខេត្តកណ្ដាល ហើយបន្ទាប់មកទៀតបានយើងចេញទៅ គោលដៅសំខាន់ៗនានានៅតាមទីប្រជុំជនទីរួមខេត្ត ទីប្រជុំជននៃតំបន់រោងចក្រដែលមានកម្មករកកកុញ ហើយកម្មករនេះទៀតសោតយើងមិនអាចយកទៅចាក់ កម្មករ៤ ឬ៥ម៉ឺននាក់ ដែលនៅក្នុងខេត្តមួយដែលមានប្រជាជនជាង១លាននាក់នោះទេ។ នៅពេលដែលយើងចុះទៅចាក់វ៉ាក់សាំង គឺយើងស្រោចយកដោយចាក់ទាំងស្រុងតែម្ដង។ បើមិនបាននៅទូទាំងតាមទីជនបទទេ គឺយើងប្រមូលផ្ដុំចាក់នៅតាមទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ និយាយរួមគឺចាក់នៅកន្លែដែលមានមនុស្សកកកុញជាងមុន។ ធ្វើយ៉ាងដូច្នេះទើបមានភាពសាំក្នុងសហគមន៍ ដែលមានអ្នកចាក់វ៉ាក់សាំងបានច្រើន។

សម្ដេចតេជោថ្លែងបន្តទៀតថា តាមការប៉ាន់ស្មានចំនួនតួលេខដែលយើងមាន សម្រាប់មនុស្សដែលមានអាយុលើសពី១៨ឆ្នាំ គឺមានជាង១០លាននាក់បន្តិច បើយើងប៉ាន់ស្មានសម្រាប់អ្នកដែលមិនអាចចាក់វ៉ាក់សាំងបាន ដែលគ្រូពេទ្យហាមឃាត់មិនឱ្យចាក់ គឺចំនួនមនុស្សដែលយើងត្រូវចាក់ប្រមាណជា ១០លាននាក់។ មកដល់ពេលនេះយើងចាក់បានជាង ២លាន៤សែន៦ម៉ឺននាក់ ដែលថ្ងៃនេះសង្ឃឹមថា នឹងឡើងដល់ ២លាន៥សែននាក់ នៃចំនួនអ្នកដែលទទួលបានវ៉ាសាំង។

សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះបើយោងទៅលើចំនួនតួលេខ នៃចំនួនមនុស្ស១០លាននាក់ តម្រូវការដំបូងរបស់យើង សម្រាប់អ្នកដែលរស់នៅទីក្រុងភ្នំពេញ បណ្ដាទីប្រជុំជននៃខេត្តកណ្ដាល ទីប្រជុំជននៃទីរួមខេត្ត និងតំបន់កម្មករ យើងអាចចាត់ទុកថា ក្នុងចន្លោះពី៥ទៅ៦លាននាក់ ជាចំណុចអាទិភាពនៃការផ្ដល់ទៅតាមដំណាក់កាលៗ តាមចំនួនវ៉ាក់សាំងដែលយើងមាន។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «ដូច្នេះចាប់ពីពេលនេះតទៅ ខ្ញុំសូមស្នើឱ្យ សម្ដេច ឯកឧត្ដម លោកជំទាវ ដែលជារដ្ឋមន្ត្រីតាមស្ថាប័ននានា និងអភិបាលរាជធានី ខេត្ត បញ្ឈប់នូវការស្នើសុំមកខ្ញុំ ទៅលើការចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច»។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង ហើយខ្ញុំនឹងចង្អុលការ ពិភាក្សារឿងនេះ ជាមួយប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្ដាលបានចាក់វ៉ាក់សាំងរួចហើយ តើយើងតម្រង់ឆ្ពោះទៅកន្លែងណា ឱ្យអាទិភាពទៅកន្លែងណា ទៅតាមសង្វាក់នៃដំណើររបស់យើង។ យើងមិនអាចចាក់កន្លែងនេះបន្តិច កន្លែងនោះបន្តិច ដែលទីបំផុតមិនអាចធ្វើឱ្យវ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាព ព្រោះថាចំនួនមនុស្សដែលចាក់វ៉ាក់សាំង មានចំនួនតិចជាង អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។”

សម្ដេចតេជោលើកឡើងថា ឥឡូវនេះទីក្រុងភ្នំពេញអាចចាត់ទុកថា មនុស្សប្រមាណជា ៥០ ទៅ៦០ភាគរយ ឬអាចលើសពីចំនួននេះ បានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ។

ដូច្នេះភាពសាំនៅទីក្រុងភ្នំពេញវានឹងកាត់បន្ថយបាននូវការឆ្លងកូវីដ-១៩ ហើយប្រសិនបើឆ្លង វានឹងកាត់បន្ថយបាននូវការស្លាប់។ យើងធ្វើបែបនេះ ជាជម្រើសតែមួយគត់ ក្នុងពេលដែលយើងអត់មានវ៉ាក់សាំង។ សម្ដេចតេជោថ្លែងបញ្ជាក់ទៀតថា បើយើងអត់មានវ៉ាក់សាំងហើយ យើងចែកទៅត្រង់នេះបន្តិច ត្រង់នោះបន្តិច ភាពសាំមិនអាចកើតមាននៅក្នុងសហគមន៍របស់យើងបានទេ៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង