សមាជិកសហគមន៍កសិកម្មសាមគ្គីតំបែរបានចុះបញ្ជីចម្ការស្វាយកែវរមៀតបានចំនួន១២ចម្ការរួចហើយ
ត្បូងឃ្មុំ៖ សមាជិកសហគមន៍កសិកម្មសាមគ្គីតំបែរ បានចុះបញ្ជីចម្ការស្វាយកែវរមៀតបានចំនួន១២ចម្ការហើយ ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ឱ្យបានល្អ រក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ។
លោក អ៊ុ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការចុះបញ្ជីចម្ការស្វាយនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន គឺងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ពីមន្ត្រីជំនាញរបស់មន្ទីរកសិកម្មខេត្ត ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្រប តាមស្តង់ដារ សម្រាប់ទំនាក់ទំ នងជាមួយក្រុមហ៊ុន ក្នុងនិងក្រៅស្រុក ក្នុងការចុះកិច្ចប្រមូលទិញ ធ្វើការកែច្នៃនិងនាំចេញ ។ លោកបន្តថា បច្ចុប្បន្នសហគមន៍មានសមាជិក៧០គ្រួសារ មានផ្ទៃដីដាំស្វាយកែវរមៀត ប្រមាណ១២៧ហិកតា ស្មើនឹងប្រមាណ៣ម៉ឺនដើម ដែលអាចផ្តល់ទិន្នផលស្វាយប្រមាណ ៣៧២០តោន សម្រាប់ស្វាយខ្ចប់ និងប្រមាណ ២ពាន់តោន សម្រាប់ស្វាយខៀវក្នុង១ឆ្នាំៗ តែសមាជិកដែលបានចុះបញ្ជីរួចរាល់ មានត្រឹម១២គ្រួសារប៉ុណ្ណោះ ដោយសារសមាជិកដទៃទៀត នៅរង់ចាំមើលពីលទ្ធផលរបស់អ្នកដែលបានចុះបញ្ជីរួចរាល់សិន ។
សំឡេង ៖ « សមាជិកសហគមន៍កសិកម្មសាមគ្គីតំបែរ បានចុះបញ្ជីចម្ការស្វាយបានចំនួន១២គ្រួសារហើយ ក្នុងនោះក៏មានអ្នកចង់ចុះបន្ថែមទៀតដែរ ប៉ុន្តែដោយសារគាត់នៅចាំមើលនិងមិនទាន់ទុកចិត្តដោយសារស្វាយធ្លាក់ថ្លៃថោក ដូច្នេះចាំមើល១២នាក់នេះ បើសិនស្វាយអ្នកទាំង១២នេះបានថ្លៃឬក៏មានគេទិញហាងឆេងខ្ពស់ជាងស្វាយធម្មតា គឺមានច្រើនណាស់ដែលគេចាំចុះបន្ថែមទៀតបើសិនជា១២គ្រួសារនេះគាត់ទទួលបានជោគជ័យ » ។
លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរបានធ្វើការយ៉ាងជិតស្និទ្ធជា មួយកសិករ ដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការអនុវត្តកសិកម្មល្អ «GAP» ទាំង១២ ចម្ការនោះ ដោយបានផ្តល់វគ្គបណ្តុះបណ្តាល ជាពិសេសផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីអត្ថប្រយោជន៍នៃការអនុវត្តកសិកម្មល្អ ដើម្បីផ្សារភ្ជាប់ទៅនឹងទីផ្សារ ។
« ចំពោះការចុះ បញ្ជីស្វាយកែវរមៀតនៅក្នុងខេត្តត្បូងឃ្មុំនេះ សរុបមានចុះបញ្ជីបានចំនួន១២ចម្ការ ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការអនុវត្តកសិកម្មល្អ GAP បាន១២ចម្ការហើយ ហើយសម្រាប់មន្ទីរកសិកម្មដែលជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងនោះដែរដើម្បីឱ្យស្វាយទទួលបានស្តង់ដារគឺយើងនឹងមានវគ្គបណ្តុះ បណ្តាលជូនគាត់ពីការអនុវត្តកសិកម្មល្អ គឺយើងផ្តល់វគ្គទាំងអស់នេះទៅឱ្យគាត់ហើយយើងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃការអនុវត្តកសិកម្មល្អ ដើម្បីផ្សារភ្ជាប់ទៅនឹងទីផ្សារ »។
សូមបញ្ជាក់ថា បើសិនជាកសិករចាប់អារម្មណ៍ក្នុងការចុះបញ្ជីចម្ការស្វាយ គឺកសិករត្រូវធ្វើការទំនាក់ទំនងមកខាងមន្ទីរកសិកម្មខេត្តជាមុនសិន ដោយមានមន្ត្រីជំនាញនឹងចុះវាយតម្លៃចម្ការស្វាយ ជាបឋមសិន ដើម្បីកែតម្រូវបច្ចេកទេសអនុវត្តន៍ ដែលគាត់ធ្វើមិនទាន់បានល្អ ដោយសារកម្មវិធីGAPនេះ គឺមានលក្ខខណ្ឌមួយចំនួនដែលត្រូវឱ្យកសិករអនុវត្តន៍តាម ហើយនៅពេលកែតម្រូវនេះ ត្រឹមត្រូវហើយនោះ មន្ទីរកសិកម្មខេត្តនឹងដាក់ពាក្យស្នើសុំជាផ្លូវការទៅក្រសួង ហើយនៅពេលដាក់ពាក្យរួចរាល់ ក្រសួងនឹងចុះមកវាយតម្លៃផ្លូវការម្ដងទៀត ៕