សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ឯកឧត្តមឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ​និងលោកជំទាវ ព្រមទាំងសហការី និងបុត្រ ​ ចូលក្រាបថ្វាយបង្គំគាល់

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត វិសមញ្ញ និង ពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ប្រចាំនៅ ​ព្រះរាជាណាចក្រកម្ពុជា ​និងលោកជំទាវ ព្រមទាំងសហការី និងបុត្រ ​ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះរាជដំណាក់គន់ធបុប្ផា ក្នុងព្រះបរមរាជវាំង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្វាយនូវមនោសញ្ចេតនា រំភើបរីករាយ ដោយឯកឧត្តម បានអញ្ជើញមកបំពេញភារកិច្ចការទូតនៅព្រះរាជាណាចក្រ​កម្ពុជា ជាប្រទេសមួយ ជាមិត្តដ៏ល្អប្រសើររបស់សហរដ្ឋអាមេរិក។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានទូលថ្វាយ អំពីសេចក្តីខិតខំប្រឹងប្រែង របស់ ឯកឧត្តម ក្នុងអាណត្តិ នៃការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា អោយសម្រេចទទួលបាន លទ្ធផលយ៉ាងល្អប្រសើរ ដើម្បីជម្រុញ ឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដ៏ល្អវិសេស វិសាល រវាងប្រជាជាតិនៃប្រទេសយើងទាំង២ អាមេរិក-កម្ពុជា ឲ្យកាន់តែទទួលបាន នូវភាពចម្រើនរឹងមាំ និងជិតស្និតថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្វាយនូវមនោសញ្ចេតនារំភើបរីករាយ ចូលរួមអបអរសាទរ ជាមួយនឹងប្រជាជាតិកម្ពុជា ចំពោះស្ថានការណ៍រីកចម្រើន​នៅក្នុងសង្គមជាតិយើង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមកិច្ចប្រតិបត្តិរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ​ដ៏ឆ្នើមបាន​ធ្វើឲ្យកម្ពុជា​ទទួលបានសេចក្តីសុខសន្តិភាពដ៏ពេញបរិបូរណ៍ ​សេដ្ឋកិច្ចជាតិមានកំណើន​ខ្ពស់ និង​មានការអភិវឌ្ឍន៍​លើគ្រប់វិស័យគួរជាទីមោទនៈ។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្វាយព្រះសព្វសាធុការពរដ៏មហាបវរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម៨៥ព្រះវស្សា យាងចូល៨៦ព្រះវស្សា ពោរពេញដោយជ័យមង្គល និងជាប្រវត្តិសាស្រ្តរបស់ជាតិ​យើងនាឆ្នាំនេះ​ សូមព្រះអង្គបានប្រកប តែនឹងសិរីសួរស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា ដល់ជនរួមជាតិជា កូនចៅ ចៅទួត របស់ព្រះអង្គ ជាដរាបតរៀងទៅ។

មានព្រះរាជសុវណ្ណី ប្រោសព្រះរាជទាននូវការសំណេះសំណាល ក្នុងឱកាសនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ចូលរួមអបអរស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ ដើម្បីការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែមានភាពជ្រាលជ្រៅបន្ថែមទៀត​។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ  ប្រោសព្រះរាជទានពរជ័យសិរីមង្គល ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សូមបានប្រកបនូវសុខភាពល្អ អាយុយឺនយូរ និងទទួលបាន ជោគជ័យយ៉ាងធំធេងថែមទៀត ក្នុងអាណត្តិបំពេញបេសកកម្មការទូត ដ៏វិសេសវិសាលរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុវណ្ណី ប្រកបដោយព្រះរាជហឬទ័យ បិតិសោមនស្ស ក្រៃលែងចំពោះភាពរីកចម្រើន នៃទំនាក់ទំនង សាមគ្គីភាព រវាងប្រជាជាតិ នៃប្រទេសយើងទាំង២ កម្ពុជា-អាមេរិក ដែលមាន ជាយូរលង់ណាស់មកហើយ ហើយទំនាក់ទំនងរវាងប្រទេសយើងទាំង២ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជាតិនៃប្រទេស​យើងទាំង ២ ក្នុងសម័យកាលក្រោយៗ ខិតខំថែរក្សា និងលើកតម្កើងឲ្យមានភាពគង់វង្ស ​និង​​រីក​​ចម្រើន​​រហូតមក​​ដល់សព្វថ្ងៃ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ មានព្រះរាជហឬទ័យ រំភើបត្រេកអរជាខ្លាំងថែមទៀត ចំពោះទំនាក់ទំនងមិត្តភាព រវាងកម្ពុជា-អាមេរិក ក្នុងពេលសព្វថ្ងៃ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា  និងថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក បានខិតខំប្រឹងប្រែង ដោយឥតឈប់ឈរ ក្នុងការបន្តលើកកម្ពស់ ចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រជាជាតិនៃប្រទេសយើងទាំង២ កម្ពុជា-អាមេរិក ឲ្យមានភាពរឹងមាំ និងជិតស្និតនៅគ្រប់ពេលវេលា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនោះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសម្តែងនូវសេចក្តីកត្តញ្ញូតាធម៌ ដ៏ជ្រាលជ្រៅជូន​ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋអាមេរិក ដែលកន្លងមកបានផ្តល់ជំនួយដ៏សប្បុរសថ្លៃថ្លា ចូលរួមចំណែក ក្នុងដំណើរការស្តារ និងអភិវឌ្ឍន៍នៅកម្ពុជា ឲ្យមានការរីកចម្រើន ជឿនលឿន ដោយឥតឈប់ឈរ៕

 អត្ថបទ រូបភាព : អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង