លោកជំទាវ ម៉ែន សំអន ទទួលម៉ាសចំនួន ១៥ម៉ឺនម៉ាស ពីក្រុមហ៊ុន YUEFENG GROUP
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានចាត់ឱ្យ ឯកឧត្តម ហួត ហាក់ នាំយកអំណោយជាម៉ាសចំនួន ១៥ម៉ឺនម៉ាស របស់ក្រុមហ៊ុន YUEFEN G GROUP ប្រគល់ជូនលោកជំទាវ ដើម្បីប្រើប្រាស់ក្នុងដំណាក់កាលការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ព្រមទាំងក្រុមការងារ និងក្រុមហ៊ុន YUEFENG GROUP ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កា លក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នៅកម្ពុជា ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឱ្យក្រុមការងារ និងប្រជាពល រដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេស ការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបងប្អូនទាំងអស់គ្នាបានទទួលការចាក់វ៉ាក់សាំងបានពីរដងរួចហើយក៏ដោយ។ ខណៈដែលកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៣៨.៩៦៩នាក់ ព្យាបាលជាសះស្បើយ ៣២.៩៦៧នាក់ និងស្លាប់ ៣៤៨នាក់ ៕
ប្រភព៖ ក្រសួងព័ត៍មាន