តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានារួមមានសាលាសំណាក់ ស្រះទឹក បន្ទប់អនាម័យ វេទិកាប្រារព្ធពិធី ទីលានបាល់ទាត់ ស្ថិតនូវចំណុចx១៦ តំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមិទ្ធផលទាំងនេះ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអបអរខួបលើកទី៤៤ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០-មិថុនា-១៩៧៧ _២០-មិថុនា-២០២១)។
សូមជម្រាបថា៖ ការសាងសង់អគារវេទិកាអចិន្ត្រៃយ៍១ខ្នង នេះគឺសម្រាប់ងាយស្រួលក្នុងការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលវេទិកានេះបានសាងសង់ឡើងតាមរចនាបទខ្មែរ មានទំហំ ទទឹងប្រវែង៦,១ម៉ែត្រ បណ្តោយប្រវែង៤៧ ម៉ែត្រ កម្ពស់១ជាន់ ចំណាយថវិកាចំនួន ១៨១.៩៦៣ដុល្លារ។
ស្របពេលជាមួយគ្នានោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចូលរួមពិធីសម្ពោធសិលាចារិកជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលទីតាំងសិលាចារិកនេះកាលពី៤៤ឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតបានឆ្លងកាត់ព្រំដែនឈប់សំរាកនៅចំណុចសិលាចារឹកនេះរង់ចាំពេលទៀបភ្លឺដើម្បីចូលទៅក្នុងប្រទេសវៀតណាម។
ក្នុងឱកាសប្រារព្ធខួបលើកទី៤៤ សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានអញ្ជើញចូលរួម បើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា វៀតណាមនៅចំណុច X-១៦ផងដែរ៕