កុំចេះតែហ៊ាន!ឃាត់ខ្លួនជនបំពុលសង្គម ២នាក់នៅខេត្តសៀមរាប
សៀមរាប៖ មន្ត្រីនគរបាលខេត្តសៀមរាបបានអោយដឹងនៅព្រឹកនេះថា នៅល្ងាចថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានហៅមនុស្ស ២ម្នាក់ ប្រុសម្នាក់ ស្រីម្នាក់ មកសាកសួរពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណាខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថាមនុស្ស ២នាក់នេះបានបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកដោយអះអាងថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៤ករណី នៅសណ្ឋាគារប៉ាស៊ីហ្វិកខេត្ត សៀមរាប។ ការផ្សាយនេះ ត្រូវបានសាលាខេត្តសៀមរាបចេញសេចក្ដីបំភ្លឺមួយដោយបានបញ្ជាក់ថា គ្មានករណីឆ្លងជម្ងឺផ្លូវដង្ហើមវីរុសកូរ៉ូណាកេីតឡេីងនៅសណ្ឋាគារណាមួយក្នុងខេត្តសៀមរាបនោះទេ។
ការផ្សាយថាមានជនជាតិចិន ៤នាក់ឆ្លងជម្ងឺផ្លូវដង្ហេីមនៅខេត្តសៀមរាបអាចជាចេតនាអាក្រក់របស់ជនបំពុលសង្គម ដេីម្បីបំភ័យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកុំអោយមកទស្សនាប្រាសាទអង្គរវត្តខេត្តសៀមរាបនិងបង្ករចលាចលសង្គមតែប៉ុណ្ណោះ។
សមត្ថកិច្ចមិនទាន់បញ្ជាក់ថាមនុស្សទាំងពីរនាក់នេះគួរអប់រំណែនាំ ឬកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការនោះទេ។ ប៉ុន្តែតាមមាត្រា៤២៥នៃក្រុមព្រហ្មទណ្ឌបានចែងថាបទក្លែងព័ត៌មានត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំនិងពិន័យជាប្រាក់ពីពីរលានរៀលទៅបួនលានរៀល។