ក្រៅពីសក្តានុពលលើវិស័យទេសចរណ៍ ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ក៏បានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋល្អប្រសើរ តាមរយៈអនុផលព្រៃឈើ
សៀមរាប៖ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយព្រៃសហគមន៍នេះបានក្លាយជាគោលដៅដ៏ទាក់ទាញមួយ របស់ភ្ញៀវទេសចរគ្រប់រូប ក្រោយពេលមានការរៀបចំ ឱ្យសោភ័ណភាពស្រស់ស្អាត ខណៈសហគមន៍នេះមិនត្រឹមតែជាតំបន់ការពារព្រៃឈើប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រជាពលរដ្ឋថែមទៀត។
លោក គង់ ប៊ុនលួស អនុប្រធានសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ជាកន្លែងមួយដែលមានភាពទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ដើមកោងកាង មានប្រភពទឹកជប់ និងកន្លែងអភិរក្សសត្វព្រៃ។ លោកបន្តថា បន្ថែមពីនេះ ប្រជាសហគមន៍ក៏អាចអាស្រ័យផល អនុផលព្រៃឈើ ទៅតាមរដូវកាល មកផ្គត់ផ្គងជីវភាព ក្រៅពីទទួលបានចំណូលពីវិស័យទេសចរណ៍។ លោកបានឱ្យដឹងទៀតថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ មានប្រជាពលរដ្ឋជាង១០០០គ្រួសារ មកពីភូមិចំនួន៧ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដោយពួកគាត់ អាចទទួលបានផលប្រយោជន៍ពីព្រៃឈើជាបន្តបន្ទាប់ ទៅតាមរដូវកាលនីមួយៗ ដូចជា៖ ការរកឃ្មុំ ដកផ្សិត បោចវល្លិ៍ និងបេះផ្លែឈើព្រៃជាច្រើន មានផ្លែគុយ សិរមាន់ ផ្លែរំដួលនិងផ្លែទ្រាយជាដើម។
សំឡេង៖”ពេលណាដែលយើងបានធ្វើទេសចរ វាជួយផលិតផលដូចជា គាត់អាចចិញ្ចឹមមាន់បាន អាចផ្គត់ផ្គង់កន្លែងកោងកាងបាន មានមាន់ ទា ត្រី យើងទិញពីពួកគាត់រួមទាំងបន្លែ ផ្លែឈើ មានចេក មានល្ហុងយើងយកទៅលក់នៅសហគមន៍ ក៏ជាការរួមចំណែក កន្លងមកគាត់យកទៅលក់នៅផ្សារ តែក្រោយពេលយើងប្រែក្លាយឈើធម្មតាទៅជាអេកូទេសចរណ៍ទៅអាចលក់ក្នុងសហគមន៍បាន ដើរតួនាទីសំខាន់ណាស់ ប្រជាពលរដ្ឋចេះតែកើនច្រើន យើងមើលផល្លានុផលក្នុងព្រៃសហគមន៍ ព្រៃនេះក៏អាចផ្តល់មួយចំណែកធំ ដល់ប្រជាសហគមន៍ដែរ ពិសេសមានរដូវផ្សិតអ៊ីចឹងគាត់អាចដកផ្សិត ផ្សិតមានចាប់ពីខែឧសភា ដល់តុលា អាចយកមកហូបបាន ផ្លែរំដួល បន្ទាប់មកខែខាងមុខអាចមានផ្លែកោណ និងផ្លែទ្រាយ គាត់អាចបេះបាន”។
សូមជម្រាបផងដែរថា ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានកកើតឡើងក្នុងឆ្នាំ១៩៩៨ ដោយការស្ម័គ្រចិត្ត ក្រោមទំហំផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំ ចំនួនប្រមាណ៩០ហិកតា។ ព្រៃសហគមន៍នេះ មិនត្រឹមតែជាតំបន់ការពារដើមឈើ ឱ្យរួចផុតពីការទន្ទ្រានពីសំណាក់ជនខិលខូច ប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាជម្រកសត្វព្រៃ ទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងផ្តល់នូវអនុផលព្រៃឈើ យ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕