សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យអាជ្ញាធរត្រៀមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាននិងទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ ត្រៀម ដោះស្រាយបញ្ហាប្រឈម និងទំនាស់នានាក្នុងមូលដ្ឋាន ប្រសិនបើអ្នកនយោបាយឆ្កឹះក្នុងបំណងទាញយកប្រជាប្រិយភាព ដើម្បីគ្រប់គ្រងសភាពការណ៍ ហើយដោះស្រាយបញ្ហាប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនត្រូវមានទស្សនៈខុសឆ្គងថាបញ្ហាទាំង នោះ គឺដោយសារមានពួកប្រឆាំង ឬដោយសារបញ្ហានេះ បញ្ហានោះឡើយ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឲ្យរដ្ឋបាលខេត្តបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។
ក្នុងពិធីប្រកាសចូលកាន់តំណែង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែកក្កដា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវសកម្មភាពការផ្សព្វផ្សាយព័ត៌មានមិនពិត និងភាពចលាចល ពិសេសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាពិសេស អាជ្ញាធរ ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងចៀសវាងការចូលរួមក្នុងសកម្មភាពផ្ទុយពីច្បាប់ដែលធ្វើឲ្យប៉ះពាល់សន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយជម្លោះនៅមូលដ្ឋានឲ្យបានល្អ ដោយចៀសវាងឲ្យបាននូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។
សម្ដេចក្រឡាហោមបានអះអាងថា នៅឆ្នាំក្រោយនេះ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកនយោបាយផ្សេងៗអាចយក បញ្ហាប្រឈម និងទំនាស់នានាក្នុងមូលដ្ឋានឆ្កឹះក្នុងបំណងទាញ ប្រជាប្រិយភាព ដូច្នេះអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពីឥឡូវទៅ ដើម្បីគ្រប់គ្រងសភាពការណ៍ ហើយដោះស្រាយបញ្ហាប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនត្រូវមានទស្សនៈខុសឆ្គងថាបញ្ហាទាំងនោះ គឺដោយសារមានពួកប្រឆាំង ឬដោយសារបញ្ហានេះ បញ្ហានោះឡើយ ពោលគឺសំខាន់ត្រូវមើលខ្លួនឯង ថាតើមានបញ្ហាមែនដែរទេ មានប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋឬទេ ហើយបើមានត្រូវដោះស្រាយភ្លាម។
សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យខិតខំជំរុញការអនុវត្តន៍គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច រួមមានបការផ្ដល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងប្រកបដោយការជឿទុកចិត្ត, គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, មានអនាម័យ មានសោភ័ណភាពល្អ និងចុងក្រោយ គឺឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ក្រសួងព៍ត័មាន