សម្ដេចតេជោ ហ៊ុន សែន សម្រេចប្រគល់តោដែលត្រូវបានរឹបអូសឱ្យទៅម្ចាស់ដើម ជាជនជាតិចិនវិញ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលេីទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ដោយមានខ្លឹមសារថា ៖
«ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ៕»
គួររំលឹកផងដែរថា « កាលពីថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ថា អាជ្ញាធរ ចម្រុះ បានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាល ពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់ នៅក្នុងលំនៅឋានរបស់ខ្លួនជាងមួយឆ្នាំមកហើយ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឱ្យដឹងថា «ចំពោះសត្វតោឈ្មោលមួយក្បាលនោះ នឹងធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វើការណែនាំ ឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត»។ »
សូមបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម ។