ក្រសួងសាធារណការ និងក្រុម ហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ កំពុងខិតខំរកដំណោះស្រាយផលប៉ះពាល់អំពីគម្រោងដែល នៅសេសសល់

Banner Sidebar 1 – ទឹកលាងដៃ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងខិតខំរកដំណោះស្រាយផលប៉ះពាល់អំពីគម្រោងដែលនៅសេសសល់ ដើម្បីពន្លឿនការអនុវត្តន៍គម្រោង ឱ្យបានចប់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក។

ក្នុងកិច្ចប្រជុំពិភាក្សាការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ជាមួយនឹងលោក Zhou Yong តំណាងក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CP., LTD (CPEC) និង ទីប្រឹក្សាបច្ចេកទេសលោក Peter Tan Beow Teik តំណាងក្រុមហ៊ុន MINCONSULT SDN BHD (CE) កាលពីថ្មីៗនេះ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាក្រសួងនឹងព្យាយាមជួយសម្រប សម្រួល សហការដោះស្រាយផលប៉ះពាល់ទាក់ទងនឹងបញ្ហាផ្លូវវាងជាកម្មសិទ្ធិឯកជន ផ្លូវកាត់ទទឹងតូចៗ លូឆ្លងកាត់ក្រោមផ្លូវ ល្បឿនលឿន ក៏ដូចជាបញ្ជរ និងបញ្ហាមួយចំនួនផ្សេងទៀត ដែលមិនទាន់មានការឯកភាពគ្នា នៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជំរុញការងារសាងសង់នេះឱ្យទាន់ពេលវេលា ដើម្បីអាចបញ្ចប់គម្រោង នៅឆ្នាំក្រោយ។

ឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធដទៃទៀតធ្វើការបន្ទន់ឥរិយាបថ ទន់ភ្លន់ដាក់គ្នាទៅវិញទៅមក រួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាចៀសវាងការដោះ ស្រាយបញ្ហាតែភាគីម្ខាងណាមួយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុម ហ៊ុនសាងសង់ទៅធ្វើការសិក្សាឱ្យបានលម្អិតលើទីតាំងរងផល ប៉ះពាល់ទាំងនោះ ដោយកែតម្រូវ ទៅតាមភូមិសាស្ត្រជាក់ស្តែង ដើម្បីកាត់បន្ថយការដោះស្រាយផលប៉ះពាល់ឱ្យបានច្រើនតាមកម្រិតដែលអាចធ្វើទៅបាន ហើយដាក់ជូនលទ្ធផលនៃការសិក្សានោះទៅថ្នាក់ដឹកនាំ ក៏ដូចជាគណៈកម្មការបច្ចេកទេសពិនិត្យដោះស្រាយ។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុនេះ សម្រេចបានជាង៥៥ភាគរយហើយ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ប្រភព៖ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង