សូមប្រយ័ត្ន! សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ៧-១០កក្កដានឹងមានភ្លៀងខ្យល់ខ្លាំង
យោងតាមក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា នៅម៉ោង១យប់ថ្ងៃទី០៦កក្កដានេះ ប្រព័ន្ធសម្ពាធទាបITCZបានកើតឡើងដោយអូសបន្លាយពីភាគខាងជើងថៃភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី៧ដល់ថ្ងៃទី១១កក្កដា ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសានកម្ពុជា។ ទន្ទឹមនឹងនោះខ្យល់មូសុងនិរតីក្នុងលឿនបង្គួរ។ ដោយឡែកសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនឹងវិវត្តទៅជាវិសម្ពាធទាបរយៈពេលខ្លីមុននឹងថមថយឥទ្ធិពលពេលដើរចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាមនៅថ្ងៃទី០៨កក្កដា។
អាស្រ័យស្ថានភាពខាងលើនេះក្រសួងបញ្ជាក់ថា នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំ និងផ្គររន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនឹងនោះក៏អាចមានផ្នែកមួយចំនួននៃបណ្ដាខេត្តនៅក្នុងភូមិសាស្ត្រជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែកមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែកសម្រាប់បណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង រីឯតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ចំណែកនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានេះក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០កក្កដា៕