អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នា
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង សូមអញ្ជើញទៅចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នានឹងត្រូវ ចូលរួមអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះបាននិងកំពុងធ្វើយ៉ាងសកម្មនៅ ក្នុងក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងក្នុងស្រុកមង្គលបូរី ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺដ៏កាចសាហាវនេះ ដែលកំពុងរាតត្បាតក្នុងសហគមន៍នោះ។
ការថ្លែងយ៉ាងដូច្នេះបានធ្វើឡើង ក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី ចុះចែកអំណោយស្បៀង អាហារដែលបានមកពីការចូលរួមឧបត្ថម្ភ របស់ព្រះវិហារគ្រីស្ទាន ក្នុងខេត្តបន្ទាយមានជ័យ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៧០គ្រួសារ រស់នៅតំបន់ត្រូវបានបិទខ្ទប់ ដោយសារការផ្ទុះ ឡើងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋខ្វះខាត ២០០គ្រួសារ នៅឃុំចំណោម ស្រុកមង្គលបូរី កាលពី រសៀលថ្ងៃ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែ កក្កដា ឆ្នាំ២០២១ ។
នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ព្រះវិហារគ្រីស្ទាន ដែល បានឧបត្ថម្ភអំណោយ យកមកចែកជូននាពេលនេះ ជាការចូលរួមចំណែកដ៏មានសារៈសំខាន់ របស់វិស័យឯកជន ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ដើម្បីជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋយើង ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ-១៩នេះ ។
អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរ ខេត្ត បន្ទាយមានជ័យ បានគិតគូរដោះស្រាយបញ្ហាការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទូទាំង ខេត្តនាពេលកន្លង មកតាមរយៈការផ្តល់អំណោយស្បៀងអាហារឧបត្ថម្ភ បាន រាប់ពាន់គ្រួសារ មកហើយ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយ សារតែជួបវិបត្តិ នៃជំងឺកូវីដ-១៩ នេះ ។ ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ ដូចអាជ្ញាធរខេត្ត មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាដោយការដាច់ស្បៀងអាហារហូប ចុកនោះឡើយ ៕
ប្រភព៖ ក្រសួងព៍ត័មាន