មនុស្សប្រមាណជាង ២០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៧១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃនៅសហរដ្ឋអាមេរិច
មនុស្សសរុប ២០,៤១៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៧១នាក់បានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅសហរដ្ឋអាមេរិក។ យោងតាមទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។
នៅសហរដ្ឋអាមេរិកចំនួនករណីឆ្លង COVID-19 កើនឡើង នាំឲ្យចំនួនករណីឆ្លង COVID-19 សរុប ៣៤,៧៧៨,៨៩០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៣,១២៨នាក់ និងជាសះស្បើយឡើងសរុប ២៩.២៨លាននាក់។
រយៈពេលបីសប្តាហ៍ចុងក្រោយនេះ ករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិក បើតាមរបាយការណ៍ពីអាជ្ញាធរអាមេរិក មានការកើនឡើងវិញខ្លាំង។
មូលហេតុដែលនាំអោយមានការកើនឡើងខ្លាំងនេះ ព្រោះតែការរាតត្បាតដ៏រហ័សនៃវីរុស COVID-19 បម្លែងថ្មី Delta និងអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំង នៅមានច្រើន។ ដូច្នេះអាជ្ញាធរអាមេរិកបានជំរុញឲ្យពួកគេ ប្រញាប់រួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ដែលគិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះមនុស្សសរុប ១៨៤.១៣លាននាក់ (៥៦.១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥៩.២៦លាននាក់ (៤៨.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕