សមាជិកគ្រួសារនីមួយៗមានភារកិច្ចសំខាន់ក្នុងកាទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ ក្រុមគ្រួសារគឺជាកត្តាចាំបាច់មួយ ដែលត្រូវរួមគ្នាជួយទប់ស្កាត់ជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាព ព្រោះបើសិនមានបុគ្គលណាម្នាក់ក្នុងគ្រួសារមានផ្ទុកវីរុសកូវីដ១៩នោះ វានឹងចម្លងទៅសមាជិកដទៃទៀតក្នុងគ្រួសារជាមិនខាន ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាលនិងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងទទួលរងការរាតត្បាតនៃជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ៗរូប ខណៈដែលក្រុមការងារពាក់ព័ន្ធបានខិតខំទប់ស្កាត់ ក៏ដូចជាផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពសុំា ជាពិសេសកាត់ផ្តាច់ការចម្លងឱ្យទទួលបានប្រសិទ្ធ ភាពខ្ពស់ ។

លោកជំទាវបានបន្តថា សមាជិកក្នុងគ្រួសារត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់អនុវត្តន៍វិធានសុខាភិបាល ក៏ដូចជាវិធាន ការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា គឺ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ព្រោះប្រសិនបើមាននរណាម្នាក់ក្នុងគ្រួសារមានផ្ទុកវីរុសកូវីដ-១៩ហើយនោះ វានឹងចម្លងបន្តទៅដល់បុគ្គលដទៃទៀតក្នុងគ្រួសារជាមិនខាននោះឡើយ ។
សំឡេង ៖ « អ៊ីចឹងការទទួល ខុសត្រូវរបស់បុគ្គលគឺសំខាន់មែនទែន ហើយការចូលរួមរបស់ក្រុមគ្រួសារក៏ជាកត្តាចាំ បាច់ ដែលបុគ្គលនិងក្រុមគ្រួសារនេះ ក៏ត្រូវតែរួមគ្នាជួយគ្នាទៅវិញទៅមក គ្រប់បុគ្គលត្រូវគិតថាខ្លួនត្រូវការពារកុំឱ្យយកវីរុសនេះមកផ្ទះ ត្រូវចាំកន្លែងនេះ កុំឱ្យពេលត្រឡប់មកផ្ទះវិញយកជំងឺមកផ្ទះ ព្រោះវីរុសនេះឆ្លងមិនប្រកាន់នោះទេ ឱ្យតែឆ្លងគឺវាយលុកទៅតែម្ដង » ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៤ ខែកក្តដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៦៣ ៦១៥ករណី ខណ:អ្នកជាសះស្បើយមានចំនួន៥៥ ៣៦៥ករណី និងអ្នកស្លាប់មានចំនួន ៩៨៦នាក់ ៕
ប្រភព៖ ក្រសួងព៍ត័មាន