អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា-វៀតណាម ច្រកក្អមសំណរ
នៅរសៀលថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងទាំងបីប្រភេទ បានចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា-វៀតណាម និងសំណេះសំណាល សាកសួរសុខទុក្ខកងកម្លាំងកំពុងប្រចាំការការពារព្រំដែន ក្នុងភូមិសាស្រ្ត ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។
ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និង អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់ និង ការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់។
នៅពេលចុះសួរសុខទុក្ខនាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ ជម្រាបជូនកងកម្លាំងទាំងអស់ឱ្យអនុវត្តន៍ សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និង ការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជាផងដែរ ៕
ប្រភព៖ ក្រសួងព័ត៍មាន