ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក កាលពីថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

Banner Sidebar 1 – ទឹកលាងដៃ

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងបានជំរុញលើកទឹកចិត្តឱ្យមន្ត្រីទាំងនោះ ខិតខំប្រឹងប្រែងធ្វើការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកប ដោយការទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ដល់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល និងប្រទេសជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីទទួលបន្ទុកក្រោមឱវាទ និង មន្ត្រីជំនាញពាក់ព័ន្ធ អនុវត្តន៍ការចេញប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង ។ ជាពិសេសក្រុមការងារជញ្ជីងចល័ត ក្នុងការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជួយថែរក្សាយានយន្ត ដែលត្រូវបានចាប់ឃាត់ទុករយៈពេលមួយឆ្នាំឱ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យលេខាធិការដ្ឋានដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានជោគជ័យ នូវការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ (AI Camera and Weigh in Motion Sensor)។

ទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ ប្រកាន់ខ្ជាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ និងជំរុញឱ្យមន្ត្រីក្រោមឱវាទក្រសួងទាំងអស់បន្តចូលរួមបំពេញកម្រងសំណួរ ទាក់ទងនឹងរោគសញ្ញាមេរោគកូវីដ-១៩ ឱ្យបានជាប្រចាំ និងរៀងរាល់ពេលព្រឹកមុនពេលចូលបំពេញការងារ ដើម្បីតាមដានសុខភាពរបស់ខ្លួនប្រចាំថ្ងៃ និងចាត់វិធានការបានទាន់ពេលវេលា ក្នុងករណីមានរោគសញ្ញាសង្ស័យ៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង