សង្ឃក្លែងក្លាយ១៧នាក់ដែលបន្លំដើរបិណ្ឌបាតក្នុងខណ្ឌកំបូលត្រូវបញ្ជូនខ្លួនទៅតុលាការ

ជនសង្ស័យចំនួន១៨នាក់ ដែលក្នុងនោះមាន ១៧នាក់ បានស្លៀកស្បង់ចីវរក្លែងធ្វើជាព្រះសង្ឃបន្លំដើរបិណ្ឌបាតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ និងម្នាក់ទៀតជាបក្ខពួកត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី១២កក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥កក្កដានេះ។

Banner Sidebar 1 – ទឹកលាងដៃ

​បើ​តាម​លោក​ឈឹម សាវុទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​បានឱ្យដឹងថា ការបង្ក្រាប​ចាប់​ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​ខណ្ឌ​កំបូល​បានទទួល​ព័ត៌មាន​ប្តឹង​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​កំបូល​ថា មាន​មនុស្ស​មួយ​ក្រុម​បាន​មក​ជួល​ផ្ទះ​ស្នាក់នៅ​ក្នុង​បុរី​ពិភព​ថ្មី​មួយ​កន្លែង​ក្នុង​ខណ្ឌ​កំបូល ហើយ​នៅ​ពេល​ព្រឹក​បាន​ស្លៀកពាក់​គ្រង​ស្បង់​ចីវរ​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ រៃអង្គាសប្រាក់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​កំបូល​ជា​យូរ​មក​ហើយ​។ 

​លោក​អធិការរង​ដដែល​បន្តថា ក្រោយពី​ទទួល​ព័ត៌មាន​នេះ​រួច លោក​បាន​ចាត់​កម្លាំង​ចុះ​តាមដាន​ស្រាវជ្រាវ​អំពី​សកម្មភាព​មុខសញ្ញា​ជនសង្ស័យ​។ ជាក់ស្ដែង​នៅ​ថ្ងៃទី​១២​កក្កដា មាន​ជនសង្ស័យ​១០​នាក់​ដែល​ក្នុងនោះ​មាន​៩​នាក់​ក្លែងបន្លំ​ជា​ព្រះសង្ឃ និង​ម្នាក់​ទៀត​ជា​អ្នកបើករថយន្ត​ត្រូវបាន​ចាប់ខ្លួន ខណៈ​កំពុង​បើក​រថយន្ត​ម៉ាក​កូរ៉ូឡា​ដឹក​ប្រមូល​សង្ឃ​ក្លែងក្លាយ​ទាំង​នោះ​ពី​គោលដៅ​មួយ​ចំនួន​ក្រោយ​ពី​រៃអង្គាសប្រាក់​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។ បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ទាំង​១០​នាក់​នេះ​រួច កម្លាំង​នគរបាល​ខណ្ឌ​កំបូល​ក៏​បាន​បន្ត​ចាប់ខ្លួន​ជនសង្ស័យ​ក្លែង​ជា​ព្រះសង្ឃ​៨​នាក់​បន្ថែមទៀត សរុប​១៨​នាក់​។​

​បើ​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​ជា​យូរ​មក​ហើយ ក្រោម​ការចាត់ចែង​រប​ស់មេ​ខ្យល់​មាន​ឈ្មោះ​ម៉េង ភេទ​ប្រុស អាយុ​ប្រមាណ​២៥​ឆ្នាំ ដោយ​ក្នុង​១​ថ្ងៃ​ពួកគេ​រៃ​អង្គាស​ប្រាក់​បាន​ពី​៨​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ក្នុងនោះ​មេខ្យល់​ឈ្មោះ​ម៉េង តម្រូវ​បង់​ឱ្យ​គេ​ក្នុង​១​នាក់​ពី​៣​ម៉ឺន​ទៅ​៣​ម៉ឺ​៥​ពាន់​រៀល​ក្នុង​១​ថ្ងៃ ហើយ​សម្រាប់​ប្រាក់​ដែល​នៅ​សេសសល់ គឺ​ពួកគេ​យក​មក​ចាត់ចែង​ចាយវាយ​។​

​ជុំវិញ​ករណី​ដដែល​នេះ​លោក​ឈឹម សាវុទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​ក៏​បាន​ឱ្យដឹង​បន្ថែម​ទៀត​ថា ជនសង្ស័យ​ដែល​ក្លែង​ជា​ព្រះសង្ឃ​ត្រូវ​បាន​ព្រះ​អនុគុណ​ខណ្ឌ​កំបូល​បាន​ចាប់​ផ្សឹក និង​ប្រគល់​ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ស្បង់​ចីវរ​ទៅ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ជា​ការកត់សម្គាល់​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១៨​នាក់​នេះ​ផងដែរ មាន​៧​នាក់​បាន​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​៕

ប្រភព៖ វាយោ

អត្ថបទដែលជាប់ទាក់ទង