ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបគ្រោងដាំពូជឈើប្រណិតៗជាច្រើនប្រភេទនៅកន្លែងសឹករេចរឹលក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ
សៀមរាប៖ ខណ្ឌរដ្ឋបាល ព្រៃឈើ សៀមរាប គ្រោងដំាកូនឈើប្រណិតៗជាច្រើនបន្ថែមនៅសហគមន៍ព្រៃឈើចង្ក្រានរយ ដើម្បីស្តារឡើងវិញកន្លែងដែលបាត់បង់ព្រៃឈើកន្លងមក និងបង្កើនទេសភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើន។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា សហគមន៍ព្រៃឈើចង្ក្រានរយ ជាកន្លែងទេសចរណ៍មួយ ដែល មានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប អាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តជាហូរហែ តាមរយៈការទស្សនាទីតាំងជាច្រើន ដូចជាចំណុចពើងច័ន្ទក្រហម ចំណុចដារហាល និងដារអិល ទីកន្លែងដាក់ចំណីសត្វ ទឹកធ្លាក់ចង្រ្កានរយ និងល្អាងភ្នំ ដែលតំបន់ទាំងនេះមានអមដោយព្រៃឈើដ៏ស្រស់បំព្រង។
លោកបន្តថា ដើម្បីឱ្យទីតាំងនេះនៅតែមានភាពទាក់ទាញពីសំណាក់ភ្ញៀវទេសចរនោះ ការថែរក្សា ការពារ និងអភិរក្សព្រៃឈើពិតជាមានសារសំខាន់ណាស់ ដូច្នេះទើបបង្កើតឱ្យមានសហគមន៍ការពារព្រៃឈើនៅទីនោះ ដើម្បីចូលរួមជាមួយជំនាញពាក់ព័ន្ធ ក្នុងការយាមល្បាត កុំឱ្យមានបទល្មើស ព្រៃឈើកើតឡើង។
លោកបន្ថែមទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើក៏មានផែនការ ក្នុងការស្តារឡើងវិញនូវគម្របព្រៃឈើដែលបានបាត់បង់កន្លងមក តាមរយៈការដាំកូនឈើប្រភេទពូជប្រណិតៗឡើងវិញ នៅកន្លែងសឹករេចរឹល ដើម្បីបង្កើនទេសភាពបៃតង និងជាគុណប្រយោជន៍សម្រាប់ភពផែនដី។
ព្រៃនៅទីនេះកាលពីដើមឡើយសុទ្ធតែជាព្រៃស្រោងទាំងអស់ តែដោយសារកាលមុនពេលយើងបង្កើតសហគមន៍ហ្នឹងវារងការកាប់ទន្រ្ទាន តែក្រោយពេលបង្កើតសហគមន៍យើងគ្រប់គ្រងអត់មានអ្នកទៅធ្វើចម្ការពនេចរតទៅទៀតទេ អ៊ីចឹងព្រៃយើងកន្លែងខ្លះនៅណែនខ្នាប់ ប៉ុន្តែគ្រាន់តែប្រភេទឈើធំអត់សូវមានទេ អ៊ីចឹងយើងត្រូវដាំបន្ថែម កន្លែងណាចន្លោះវាល យើងត្រូវដាំឈើប្រណិតៗទៅ មានក្រញូង មានធ្នង់ ជាលក្ខណៈធម្មជាតិព្រៃល្អ មិនមែនជាព្រៃរេចរឹលទេ មិនមែនថាដាំមួយឆ្នាំបានទេ ឆ្នាំហ្នឹងដាំ៥ហិកតា ឆ្នាំក្រោយដាំទៀតទៅ តាមកន្លែងណាវាលៗ មើលទៅតាមស្ថានភាពដីវាកបនឹងឈើអី កន្លែងខ្លះយើងដាក់ឈើទាលទៅ ដាក់គគីរទៅ កន្លែងណាឈើប្រណិតយើងដាក់ប្រណិតទៅ បើព្រៃធម្មជាតិនោះមិនបាច់ដាំក៏បានដែរ តែវាស្តុក តែប្រភេទឈើដែលយើងចង់បានវាអត់មាន។
សូមជម្រាបផងដែរថា សហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅក្នុងស្រុកវ៉ារិន្ទខេត្តសៀមរាប ។សហគមន៍នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ៩១០៤ហិកតា ដែលធ្វើសកម្មភាព ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ។ជាក់ស្តែងថ្មីៗនេះ ខណ្ឌ រដ្ឋបាលព្រៃឈើសៀមរាប និងជំនាញពាក់ព័ន្ធបានចុះកំណត់ផែនទីបង្ហាញ ពីតំបន់ទេសចរណ៍ និងការថែរក្សាព្រៃឈើជារឿងចំបាច់ដែល ត្រូវទទួលការការពារឱ្យបានគង់វង្ស៕
ប្រភព៖ ក្រសួងព័ត៍មាន