អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានប្រគល់ជូនភាគីវៀតណាម

អំណោយរបស់រាជរដ្ឋាភិបាលនិងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកជញ្ជូនតាមយន្តហោះពិសេស ដើម្បីជួយក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ ត្រូវបាន ប្រគល់ជូនភាគីវៀតណាមហើយ ដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួង សុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម យឿង អាញ់ឌឹក អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅព្រលាន យន្តហោះទីក្រុងហូជីមិញ។ នេះបើតាមការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជាពី ប្រទេស វៀតណាម។

Banner Sidebar 1 – ទឹកលាងដៃ

គួរបញ្ជាក់ដែរថា អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជាជួយក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នៃទីក្រុង ហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារអាម៉េរិក ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿង និងកាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំង សមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ ដូច្នេះសរុប អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ-១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ អាម៉េរិក ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង។

គួររម្លឹកផងដែរថា កន្លងមកព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្តេ និងនេប៉ាល់ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង