ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងយកចិត្តទុក ដាក់ខ្ពស់ចំពោះការព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលជំងឺកូវីដ-១៩តាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់ តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើង ស្ម័ក្រចិត្តព្យាបាលតាមផ្ទះកាន់តែច្រើន។ ឯកឧត្តម ក៏បានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរខណ្ឌ បន្តចុះត្រួតពិនិត្យ រឹតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើកទីតាំងម៉ាស្សា KTV និងកន្លែងសប្បាយភាពផ្សេង ៗទៀត។

Banner Sidebar 1 – ទឹកលាងដៃ

ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញការត្រួតពិនិត្យ ការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះតាមរយៈ Video Conference នៅរសៀលថ្ងៃ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការព្យាបាលជំងឺកូវីដ-១៩តាមផ្ទះជាជម្រើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័ក្រចិត្តចូលរួម ក្នុងការព្យាបាលតាមផ្ទះនេះកាន់ តែច្រើនឡើង។ ដូច្នេះអ្វីដែលត្រូវអនុវត្តន៍នោះ គឺអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើង។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ចំពោះខណ្ឌនីមួយៗត្រូវបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជាពលរដ្ឋពេលមានបញ្ហាអ្វីមួយ ហើយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺនៅពេលមានបញ្ហាអ្វីយើងអាចជួយបានទាន់ពេលវេលា មិនគ្រោះថ្នាក់ដល់អាយុជីវីត។

ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា ចំពោះអ្នកដែលពិនិត្យរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ និងបានសម្រេចចិត្តព្យាបាលនៅតាមផ្ទះហើយ តែបែជាល្មើសនឹងច្បាប់ ដោយលួចចេញមកខាងក្រៅ និងបានចម្លងដល់អ្នកដទៃថែមទៀតនោះ អ្នកនោះក្រោយពីព្យាបាលជំងឺបានជាសះស្បើយហើយ នឹងនាំមកឱ្យទទួលទោសទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ។

ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ ក៏បានពន្យល់ថា ចំពោះអ្នកដែលរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ហើយស្ម័ក្រចិត្តព្យាបាលតាមផ្ទះ ត្រូវព្យាបាលឱ្យបាន១៣ថ្ងៃ ។ ក្នុងថ្ងៃទី១៣នេះ គ្រូពេទ្យត្រូវទៅយកសំណាកបន្តទៀត ។ នៅពេលពិនិត្យយកសំណាកនោះ បើទោះបីជារកឃើញ ឬរកមិនឃើញជំងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវតែបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃបន្តទៀត មិនអាចចេញក្រៅបានទេ ៕

អត្ថបទដែលជាប់ទាក់ទង