លោក កែវ សារ៉េត៖ បើរកឃើញកំហុស អាជ្ញាកណ្តាលនឹងរងទណ្ឌកម្ម
ភ្នំពេញ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP” នៅព្រឹកថ្ងៃ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រសិនបើគណៈកម្មការវិន័យរបស់សហព័ន្ធរកឃើញ ការបង្កកំហុសរបស់អាជ្ញាកណ្តាល នៅក្នុងការប្រកួតសប្តាហ៍ទី៩ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រវាងក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ និងណាហ្គាវើលដ៍ ដែលមានភាពចម្រូងសម្រាសនោះ អាជ្ញាកណ្តាលនោះនឹងរងនូវការព្យួរ ការដាក់ទណ្ឌកម្ម ឬវិន័យផ្សេងៗទៅតាមកំហុស។
នេះជាការលើកឡើងរបស់លោក កែវ សារ៉េត បញ្ជាក់ប្រាប់ AKP បន្ទាប់ពី១ប្រកួតនេះរវាង អង្គរថាយហ្គឺរ ចាញ់ណាហ្គាវើលដ៍ ១ទល់២ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រងការរិះគន់ និងស្នើឱ្យពិនិត្យមើលឡើងវិញ ពីមហាជនមួយចំនួន ក៏ដូចជាប្រធានក្លិបអង្គរថាយហ្គឺរ លោក Akihiro Kato ព្រមទាំង ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ចំពោះមន្ត្រីអាជ្ញាកណ្តាល ដែលកាត់សេចក្តីលើទីលាន ១ប្រកួតនេះ។
លោកអគ្គលេខាធិការបន្ថែមថា «ខាងសហព័ន្ធកំពុងសាកសួរទៅខាងជំនាញគណៈវិន័យ ឱ្យសិក្សាស្រាវជ្រាវលើករណីនេះ ដោយខាងជំនាញពិនិត្យមើលការងារ និងតាមដានមើលវីដេអូថា តើវាជាកំហុសរបស់អាជ្ញាកណ្តាលពិតប្រាកដមែន ឬមិនមែន? រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងពីកីឡាករ និងក្លិបអង្គរថាយហ្គឺរបែបនេះ។ ប្រសិនបើយើងរកឃើញ យើងនឹងផ្តល់ជូនត្រឡប់មកវិញនូវការសម្រេចចិត្តថា តើត្រូវដាក់វិន័យ ឬយ៉ាងណា?»។
ប្រសិនបើរកឃើញថា «អាជ្ញាកណ្តាលបង្កកំហុសដោយចេតនា ឬអចេតនាក្តី គឺសុទ្ធតែមានចែងនៅក្នុងក្រមវិន័យ ហើយពួកគាត់អាចនឹងទទួលនូវការពិន័យ ប៉ុន្តែប្រសិនបើពួកគាត់មិនមានកំហុសទេ នោះយើងក៏នឹងព្យាយាមពន្យល់ជូនទៅដល់មហាជន ជាពិសេសគឺម្ចាស់ក្លិប និងកីឡាករ ដែលមិនពេញចិត្តនឹងការសម្រេចរបស់អាជ្ញាកណ្តាលលើទីលាន សម្រាប់១ប្រកួតដែលប្រតិកម្មនេះ។ កន្លងមក សហព័ន្ធក៏ធ្លាប់រកឃើញមន្ត្រីអាជ្ញាកណ្តាលបង្កកំហុស ដែរ ហើយពួកគេត្រូវបានព្យួរការងារ និងបន្តសិក្សាស្រាវជ្រាវពីច្បាប់ទម្លាប់នៃការប្រកួតបន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក កែវ សារ៉េត។
ចំពោះក្រុមមន្ត្រីអាជ្ញាកណ្តាល៤រូប សម្រាប់ការប្រកួតដែលរងការរិះគន់នេះ គឺដឹកនាំដោយលោក ឃិន ឧសីហា មន្ត្រីអាជ្ញាកណ្តាល, លោក ស៊ុន តារាវុទ្ធ ជំនួយការអាជ្ញាកណ្តាលទី១ (ខ្សែបន្ទាត់), លោក សៀន សុភ័ក្រ ជំនួយការអាជ្ញាកណ្តាលទី២ (ខ្សែបន្ទាត់), និងលោក លឹម ប៊ុនធឿន មន្ត្រីអាជ្ញាកណ្តាលទី៤។
សូមរម្លឹកថា ប្រតិកម្មមិនពេញចិត្តលើការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល ត្រង់ចំណុចគ្រាប់បាល់ ដែលតែតបញ្ចូលទីដោយកីឡាករ Da Cruz នៅនាទី៥៤ តែបែរជាអាជ្ញាកណ្ដាលមិនឱ្យ ។ ការផ្ដល់បាល់ពិន័យ ១១ម៉ែត្រដល់ក្រុមណាហ្គាវើលដ៏ ដោយហេតុផលបាល់ប៉ះដៃកីឡាករ ស្រាំង ទិត្យឈី ក្នុងប្រអប់គ្រោះថ្នាក់ នៅនាទី៧៣ ក៏ទទួលរងនូវការរិះគន់ដែរ ដោយសាមីខ្លួនបានចេញមុខអះអាងថា មិនបានប៉ះដៃនោះទេ។ នៅក្នុងវគ្គទី២ ក្រុមទាំងពីរបានព្យាយាមដាក់សម្ពាធគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា ដោយប៉ះទង្គិចគ្នាច្រើន រហូតត្រូវបានអាជ្ញាកណ្ដាល លោក ឃិន ឧសីហា ចាយកាតលឿងអស់ចំនួន៧ និងកាតក្រហមចំនួន២ លើខ្សែការពារ២នាក់របស់អង្គរថាយហ្គឺរ ដែលត្រូវបានបណ្ដេញចេញពីទីលាននៅចុងម៉ោង រួមមាន៖ កីឡាករ ស្រាំង ទិត្យឈី នៅនាទី៧៩ និងកីឡាករ ឈង់ ប៊ុនណាត នៅនាទី៨៧ ៕
ប្រភព៖ ក្រសួងព័ត៍មាន