ឯកឧត្តម ស៊ុន ចាន់ថុល៖ “ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង ”

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនូវពាក្យស្លោកថា៖ “ សំដីឥតប្រយោជន៍ នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង” និងបានគូសបញ្ជាក់ថា ការតិះ ដៀលគ្នាទៅវិញទៅមកមិននាំចំណេញដល់ជាតិទេ ប៉ុន្តែត្រូវធ្វើការឱ្យមានប្រសិទ្ធភាព រៀនសូត្រឱ្យមានចំណេះដឹង យកបទពិសោធន៍ មកជួយជាតិទើបជាពលរដ្ឋល្អរស់នៅក្នុងសង្គម។

Banner Sidebar 1 – ទឹកលាងដៃ

ការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីបែបនេះ ក្នុងជំនួបជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ ចំនួន២៤រូប មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីផ្ដល់អនុសាសន៍ ចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាបង្ហាញនូវគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់បេក្ខជន ក្នុងការយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ដើម្បីឱ្យពិភពលោកបានដឹង បានយល់ និងមកទស្សនាកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគ ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងអបអរសាទរដល់បេក្ខជនជ័យលាភីទាំងអស់ ដែលបានទទួលអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសជប៉ុន និងបង្ហាញក្តីសង្ឃឹមយ៉ាងជឿជាក់ថា បេក្ខជនជ័យលាភីទាំងអស់នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗនៅប្រទេសជប៉ុន ដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិឱ្យបានរុងរឿងថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ធនធានមនុស្សជាកត្តាសំខាន់ ដែលយើងត្រូវតែខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល ដើម្បីចូលរួមកសាងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែក្រើនរម្លឹកថា ដើម្បីកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿង យើងត្រូវមានផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំបេក្ខជនជ័យលាភីឱ្យខិតខំប្រឹងប្រែងរៀនសូត្របំពេញកាតព្វកិច្ចជាកូនខ្មែរ រក្សាអាកប្បកិរិយាល្អ ប្ដេជ្ញាចិត្តក្រេបជញ្ជក់ចំណេះដឹង អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ទម្លាប់ និងវិន័យរបស់សាលា ត្រូវរៀនឱ្យចេះ រៀនឱ្យចប់ ដើម្បីយកចំណេះដឹង និងបទពិសោធន៍មកជួយកសាង ប្រទេសជាតិមាតុភូមិ ។ មិនត្រឹមតែសិក្សានៅលើតែក្រដាស និងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវឈ្វេងយល់ បទពិសោធន៍ក្នុងសង្គម និងការរស់នៅរបស់ប្រទេសគេ និងបានមានប្រសាសន៍ផ្តាំផ្ញើឱ្យបេក្ខជនជ័យលាភីទាំងអស់ ធ្វើខ្លួនជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង