សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះ នៅស្រុកព្រៃនប់
សៀលថ្ងៃ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន ១០ខ្នងផ្ទះ ស្មើនឹង ១០គ្រួសារ នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក គាំ សុខុម នាយកសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាល និងចូលរួមការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់ កន្ត្រាក់របើកដំបូលផ្ទះ ដោយបានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ពិសេសសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងការខ្វះខាតស្បៀងរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាត្រូវជួយបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះ ឬក្រីក្រណាម្នាក់អត់ស្បៀងអាហារស្លាប់នោះឡើយ ។
ក្នុងឱកាសនោះផងដែរ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅតាមបែបគន្លងថ្មី ផឹកទឹកស្អាត ឱ្យកូនចៅដេកក្នុងមុងឱ្យបានគ្រប់គ្នា ។ ព្រោះរដូវនេះក៏ជារដូវវស្សាមានមូសខ្លា និងជំងឺគ្រុនចាញ់ផងដែរ ។ ពិសេសទៀតការត្រូវចូលរួមកាត់បន្ថយហានិភ័យ ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ដូច្នេះត្រូវពង្រឹងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ធ្វើអនាម័យពីអវិជ្ជមានទៅវិជ្ជមាន និងត្រូវធ្វើអនាម័យជាប់ជាប្រចាំ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច ត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែ នាំ ៣កុំ និង ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបយើងអាចកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ សម្រាប់ខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ។
សូមបញ្ជាកថា អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមខេត្ត ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូ ក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ប្រេងឆា១លីត្រ, ស្បែកជើង២គូ, អាវ១កញ្ចប់, តង់១, ទឹកបរិសុទ្ធ១កេស, កន្ទេល១, ឃីត១កញ្ចប់, (ភួយ១ មុង១ សារុង១ ក្រមា១) ម៉ាស១ប្រអប់, និងថវិកា ១០ម៉ឺនរៀល ៕
ប្រភព៖ ក្រសួងព័ត៍មាន