អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ឱ្យចូលរួមអនុវត្តន៍បម្រាមគោចរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១២ សីហាខាងមុខ

ដើម្បីឱ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនប្រកបមុខរបរលក់ដូរតាមដងផ្លូវទាំងអស់ ឱ្យចូលរួមអនុវត្តន៍នូវបម្រាមគោចររបស់ រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលធានីភ្នំពេញ ដែលដាក់ចេញ ក្នុងគោលដៅ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍។

Banner Sidebar 1 – ទឹកលាងដៃ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ កាលពីរាត្រីថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២១ ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានបញ្ជាការ ឯកភាពខណ្ឌ បានចាត់ចែងកម្លាំងជាពីរក្រុមដឹកនាំដោយអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តន៍នូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង២១៖០០នាទីយប់ រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះរហូតទៅដែលមានរយៈពេល១៤ថ្ងៃ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំក្រុម ០១ ចុះទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងតំបន់ចោមចៅពោធិ៍ចិនតុងនិងផ្លូវសហព័ន្ធរុស្ស៊ីបានប្រាប់ឱ្យដឹងថា យប់នេះនេះគ្រាន់តែជាការអប់រំផ្សព្វផ្សាយឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានដែលត្រូវអនុវត្តន៍នូវបម្រាមគោចរក្នុងការទប់ស្កាត់ការ រីករាល ដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។ លោកបានបន្ដថា ចាប់ពីយប់ថ្ងៃទី ៣០ ខែកក្កដា ២០២១នេះតទៅ អាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តន៍បានម៉ឺងម៉ាត់បំផុតទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើយ៉ាងណាឱ្យការអនុវត្តបម្រាមគោចរនេះមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩បំប្លែងថ្មីដែលហៅថា (ដែលតា) ដែលបានឆ្លងចូលមកក្នុងសហគមន៍របស់យើងតាមរយៈពលករចំណាកស្រុកមកពីប្រទេសជិតខាង។

សូមបញ្ជាក់ថា ការអនុវត្តនូវបម្រាមគោចរនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញពីការរកឃើញជំងឺកូវីដ១៩ បំប្លែងថ្មី បានចូលមកដល់ក្នុងសហគមន៍របស់យើង តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញពីប្រទេសជិតខាង ៕

អត្ថបទដែលជាប់ទាក់ទង