អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានផ្ដល់ជូនដល់អតីតយុទ្ធជនខេត្តកំពង់ធំ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច

នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកជញ្ជូនអង្ករចំនួន៤,២៣០ គីឡូក្រាម និងឃីតចំនួន១៤១ កញ្ចប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រៀមរៀបចំពិធីឧបត្ថម្ភជូនអតីតយុទ្ធជន ចំនួន១៤១ គ្រួសារដែលកំពុងរស់នៅលើផ្ទះថ្មី នៃដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេតែងតែគិតគូរព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច បន្ទាប់ពីចាប់ឆ្នោតទទួលបានដីក្នុងមួយគ្រួសារទំហំ ១៥,០០០ ម៉ែត្រការ៉េ និងផ្ទះមួយខ្នងទំហំ ៥ ម៉ែត្រគុណនឹង៧ ម៉ែត្រ កាលពីក្នុងខែឧសភា ឆ្នាំ ២០២១ កន្លងមកថ្មីៗនេះ។

Banner Sidebar 1 – ទឹកលាងដៃ

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីឧបត្ថម្ភស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ សម្រាប់ផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជនខាងលើនេះ នឹងប្រព្រឹត្តទៅនៅពេលដ៍ខ្លីខាងមុខនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្តប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។
គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម៕

អត្ថបទដែលជាប់ទាក់ទង