ចាប់ខ្លួនអ្នកនាំស្រីក្មេងអោយតាៗ
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១៥ម៉០០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០១០ អ.យ.វ ចុះថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងជនរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ០២នាក់) ករណី ប្រព្រឹត្តអំពើសញ្ចារកម្ម (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅ ផ្សេងគ្នា ៖
១. នៅចំណុចភោជនីយ៍ដ្ឋាន នៅតាមបណ្តោយផ្លូវលេខ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន ០២នាក់ ស្រី (នីតិជន) ។
២. នៅចំណុចផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល (Sweet Boutique Motel) ផ្លូវលេខ១០០៣ កែងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះ ចំនួន ០៤នាក់ ស្រី (អនីតិជន ០២នាក់) ។ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន ០៦នាក់ (អនីតិជន ០២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ ប្រភព ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ