មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចង់ឱ្យពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត

ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១–ឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាការសាងសង់ទំនប់វារីអគ្គិសនីសេសាន២ បានធ្វើឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានវាយបកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ទៅអង្គការសិទ្ធិមនុស្សនេះថា ចង់ឱ្យប្រជាពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តមបានចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជារបាយការណ៍បែបភូតកុហកនិងជារបាយការណ៍ដែលបំផ្លាញសិទ្ធិមនុស្ស បំផ្លាញសិទ្ធិសេដ្ឋកិច្ចទៅវិញទេ ហើយបានចាត់ទុករបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នេះមានចរិតជាការបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជាជាងការគិតគូរពីសិទ្ធិមនុស្សពិតប្រាកដ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងម៉ត់ចត់ រាល់គម្រោងសាងសង់នានា ហើយបានព្យាយាមកាត់បន្ថយផលប៉ះពាល់ទាំងឡាយតាមរយៈឧបករណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមួយនឹងដំណោះស្រាយនិងវិធានការច្បាស់លាស់រួចហើយដូចជា ១)ត្រូវកំណត់ឱ្យគម្រោងបញ្ចេញបរិមាណទឹកគ្រប់គ្រាន់ទៅខ្សែទឹកខាងក្រោមកំឡុងពេលប្រតិបត្តិគម្រោង ដែលអាចធានាបានពីការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ។ ២) គម្រោងបានផ្តល់ផ្ទៃដីទំហំ៧.០៨៦,៨០២ហិកតា ជូនប្រជាជនដែលរងផលប៉ះពាល់ពីគម្រោង ព្រមទាំងសាងសង់លំនៅដ្ឋានដែលមានផ្ទះថ្មចំនួន ១១៨ខ្នង ផ្ទះឈើចំនួន ៤៧១ខ្នង បន្ថែមថវិកាសង់ដោយខ្លួនឯងចំនួន ១២៧ខ្នង ជីកស្រះចំនួន ៦៣ ស្រះ សាលារៀនចំនួន ១២ សាលាមតេយ្យចំនួន ១២ សាលាឃុំចំនួន ២ វត្តអារាម ៣ ប៉ុស្តិ៍នគរបាល២ ប៉ុស្តិ៍អាវុធហត្ថ១ និងជីកអណ្តូងទឹកចំនួន ១៨១។ ដោយឡែកប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលរស់នៅភូមិភ្លុក ឃុំភ្លុកទទួលយកសំណងថវិកា១០០%ពីក្រុមហ៊ុន ហើយក៏មានប្រជាពលរដ្ឋចំនួន៥៦គ្រួសារ មិនព្រមទទួលសំណង និងសុខចិត្តរស់នៅនៅទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ផលប៉ះពាល់ផ្សេងទៀត។

ឯកឧត្តមបានថ្លែងថា ការពិពណ៌នាក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ទាក់ទងនឹងគម្រោងសាងសង់ទំនប់វារី អគ្គិសនីសេសាន ២ គ្រាន់តែយុទ្ធនាការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំប៉ោងខុសពីការពិតអំពីកម្ពុជា និងដើម្បីធ្វើវិទ្ធង្សនាប្រឆាំងនឹងការអភិវឌ្ឍរបស់កម្ពុជា និងព្យាយាមចិញ្ចឹមទំនាស់ដើម្បីបម្រើរបៀបវារៈនយោបាយមួយពិតប្រាកដប៉ុណ្ណោះ។

ឯកឧត្តមបានថ្លែងថា ការសាងសង់ទំនប់វារីអគ្គិសនីសេសាន២ បានផ្តល់ផលវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ ដូចជា៖ គម្រោងមានសមត្ថភាពផលិតថាមពលអគ្គិសនី ៤០០MW ជាសំណង់វារីអគ្គិសនីដ៏ធំមួយដែលចាត់ទុកថា ជាថាមពលដែលអាចកកើតឡើងវិញបាន និងមានការលើកទឹកចិត្តក្នុងការប្រើប្រាស់ថាមពលបែបនេះ។ គម្រោងនេះអាចផ្តល់ថាមពលអគ្គិសនីយ៉ាងច្រើន និងអាចផលិតថាមពលស្អាតរយៈពេលវែង និងធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសអាចទទួលថាមពលអគ្គិសនីប្រើប្រាស់បាន ព្រមទាំងវាអាចកាត់បន្ថយការកើនឡើងនៃភពផែនដីយើង។

ឯកឧត្តមបានមានប្រសាសន៍ថា ការអភិវឌ្ឍវារីអគ្គិសនី និងផលិតថាមពលអគ្គិសនី ស្របទៅតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជំរុញអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានលឿនលើគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងឯកជន និងសាធារណៈ។ គម្រោងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។

រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីគឺជាការកសាងធុង អាគុយ និងសន្តិសុខថាមពលសម្រាប់ប្រទេស។ កម្ពុជាបានអភិវឌ្ឍប្រទេសពីការដុតចង្កៀងប្រេងកាតមកជាការប្រើប្រាស់ថាមពលកកើតឡើងវិញ គួរតែអង្គការសិទ្ធិមនុស្សមួយនេះកោតសរសើរទៅវិញទេដែលរាជរដ្ឋាភិបាលកម្ពុជាបានគិតគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រទេសជាតិ និងផ្តល់ជូនប្រជាពលរដ្ឋតាមតម្រូវការ និងផ្តោតលើការអភិវឌ្ឍលើវិស័យអាទិភាពរបស់ជាតិ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។ នេះគឺជាអ្វីដែលពលរដ្ឋខ្មែរចង់បាន តែក្រុមអង្គការសិទ្ធិមនុស្សជ្រុលនិយមដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បែរជាចង់ឱ្យពលរដ្ឋកម្ពុជាបន្តដុតចង្កៀងប្រេងកាតក្នុងសតវត្សរ៍ទី២១ នេះទៅវិញ។

តាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថាន របាយការណ៍នេះត្រូវបានពលរដ្ឋកម្ពុជារិះគន់យ៉ាងធ្ងន់ធ្ងរ ដែលអង្គការមួយនេះគួររៀនសូត្រ ហើយពលរដ្ឋខ្មែរមិនជឿរបាយការណ៍ខុសពីការពិតនិងមានចរិតបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយនេះទេ។ ឯកឧត្តមក៏បានឱ្យដឹងដែរថា ស្ថានភាពទឹកទន្លេសេសាន និងគុណភាពទឹកខាងលើ និងខាងក្រោមទំនប់វារីអគ្គិសនីបច្ចុប្បន្នពុំមានការប្រែប្រួល។ ក្នុងករណីមានការប្រែប្រួលគឺមានការប្រែប្រួលជាលក្ខណៈទូទៅនៃបណ្តាប្រទេសស្ថិតនៅតាមដងទន្លេមេគង្គទាំងអស់ (ប្រទេសចិន ប្រទេសភូមា ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម)៕ ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ ក្រសួងបរិស្ថាន

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង