ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញចុះពិនិត្យអគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យជ័យជំនះ

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងលោក លោកស្រី ប្រធានមន្ទី កងកម្លាំងសមត្ថកិច្ច បានអញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្ដាល កំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ។

ដោយឃើញស្ថានភាពជួបការលំបាករបស់រដ្ឋបាលខេត្តកណ្តាល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានសម្រេចប្រគល់ អគារវះកាត់ សុភាវី និងអគារសម្ភពសុភាវ័ន្ដ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ដែលទើបសាងសង់ ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដើម្បីយកទៅចាត់ចែងសាងសង់បញ្ចប់ ដើម្បីប្រើប្រាស់ឆ្លើយតបទៅនឹងស្ថានភាពអ្នកជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើង និងដើម្បីប្រើប្រាស់សម្រាប់ ផ្ដល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងសាធារណជន នៅពេលជំងឺកូវីដ-១៩ត្រូវបានលុបបំបាត់ទាំងស្រុងផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំឱ្យក្រុមវិស្វករសាងសង់អគារឱ្យបន្ថែមនូវប្រព័ន្ធពន្លត់អគ្គិភ័យស្វ័យប្រវត្តិបន្លែមទៀត ដើម្បីការពារសុវត្ថិភាពដល់អ្នកជំងឺ ក៏ដូចជាក្រុមមគ្រូពេទ្យផងដែរ ។

ឯកឧត្ដមសាស្រ្តាចារ្យ និងឯកឧត្ដម អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះទឹកចិត្តរបស់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ដែលបានផ្ដល់អគារទាំងពីរខ្នងនេះ ជូនដល់មន្ទីរពេទ្យជ័យជំនះ ដែលពេលនេះជាពេលចាំបាច់ត្រូវមានកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ។

គួរបញ្ចាក់ដែរថា អគារទី១ ឈ្មោះថា អគារវះកាត់ សុភាវី មានទំហំ ៤០ម៉ែត្រ គុណ១៣ម៉ែត្រ កម្ពស់ ៥ជាន់ ក្នុងមួយជាន់មាន១៥បន្ទប់ ស្មើនឹង៧០បន្ទប់ និងបំពាក់ប្រព័ន្ធ អុកស៊ីស៊ែន ។ អគារទី២ ឈ្មោះថា អគារសម្ភព សុភាវ័ន្ត មានទំហំ ៤០ម៉ែត្រ គុណ១៣ម៉ែត្រ កម្ពស់ ៤ជាន់ ក្នុងមួយជាន់មាន ១៥បន្ទប់ ស្មើនឹង៦០បន្ទប់ និងបំពាក់ប្រព័ន្ធ អុកស៊ីស៊ែន ព្រមទាំងមានជណ្ដើរយន្ត និងមានសម្ភារបរិក្ខារទំនើបៗតាមជាន់នីមួយៗដូចគ្នាផងដែរ ។ មកដល់ពេលនេះ អគារទាំងពីរសម្រេចលទ្ធផលសាងសង់បាន១០០ភាគរយហើយ អាចទទួលព្យាបាលអ្នកជំងឺបានប្រមាណ ៣០០នាក់ នឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺ ក្នុងពេលឆាប់ៗខាងមុខ៕

ប្រភព៖ ក្រសួងព៍ត័មាន

អត្ថបទដែលជាប់ទាក់ទង