វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣លានដូស ដែលកម្ពុជាបាន បញ្ជាទិញពី​​​​ចិន បានដឹកមកដល់កម្ពុជាទៀតហើយ

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជ រដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញទៀតហើយ នាព្រឹកថ្ងៃទី ១២​​ខែ សីហា ឆ្នាំ ២០២១នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋបន្តទៀត។

Banner Sidebar 1 – ទឹកលាងដៃ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងដែលមក ដល់បន្ថែមនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។ ខណៈវ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹង​​ជំងឺកូវីដ១៩ ដែល​​កំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការ​​ការពារផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

លោកជំទាវបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅតែជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ដោយសម្រេចបានជាង៨០ភាគរយហើយ បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចចាក់ដូសទី៣ (ដូសជំរុញ)ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ជាប្រទេសដែលបានផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោកដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។

លោកជំទាវបញ្ជាក់ទៀតថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលឈានមុខនៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ។ លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានស្តែងឱ្យឃើញពីការគិតគូរ និងទំនួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល លើការរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវ។

«លទ្ធផលនៃការចាក់វ៉ាក់សាំងក្ដី លទ្ធផលនៃលទ្ធកម្មវ៉ាក់សាំងក្ដី គឺយើងទាំងអស់គ្នាគឺបានអនុវត្តទទួលបានជោគជ័យ ដោយសារតែការដឹកនាំច្បាស់លាស់ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែន គឺកំណត់ចេញនូវយុទ្ធសាស្រ្ត កំណត់ចេញនូវផែនការច្បាស់លាស់ បើយើងមិនមានការ កំណត់ផែនការច្បាស់លាស់នោះទេ ការអនុវត្តន៍តាមផែនការក៏មិនបានជោគជ័យដែរ ។ ហើយជាពិសេសគឺការចូលរួមពីប្រជាពលរដ្ឋ មានការចូលរួមពីសហគមន៍ ជាពិសេសគឺកម្លាំងសរុបទាំងអស់ ការចូលរួមគឺទទួលបានជោគជ័យ ហើយនេះគឺជោគជ័យមិនជោគជ័យគឺអាស្រ័យទៅលើពលរដ្ឋ ហើយណាមួយទៀតបច្ចុប្បន្ននេះគឺមិនមានការរកឃើញយ៉ាងគំហុកនោះទេ ដោយសារលទ្ធផលនៃវ៉ាក់សាំងគឺបង្កើននូវភាពសុំាម្តងបន្តិចៗ មិនដូចជាបណ្ដាប្រទេសមួយចំនួនជិតខាងយើងគឺគ្រប់គ្រងមិនបានល្អ លទ្ធកម្មវ៉ាក់សាំងមិនទាន់ពេល ប្រជាពលរដ្ឋមិនចូលរួម គឺមិនទទួលបានជោគជ័យទេ ហើយលទ្ធផលយើងឃើញជាក់ស្ដែងទៅហើយ នេះគឺជាមោទនភាពខ្លាំងណាស់របស់យើង ហើយយើងចូលរួមបន្តទាំងអស់គ្នា ទោះបីជាយើងមានមោទនភាព ក៏យើងមិនត្រូវភ្លេចខ្លួន យើងត្រូវតែ ចូលរួមក្នុងការការពារខ្លួន៣ការពារនិង៣កុំ»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានវ៉ាក់សាំងចំនួន៤ប្រភេទ ដែលបានចាក់ជូនប្រជាពលរដ្ឋរួមមាន៖ វ៉ាក់សំាង ស៊ីណូហ្វាម ស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា និងចនសុន&ចុនសុន៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង