សកម្មភាពការអនុវត្តន៍វិធានការសុខាភិបាលរបស់ប្រជាពលរដ្ឋនៅឆ្នាំ២០២០ មានភាពល្អជាងនាពេលបច្ចុប្បន្ននេះ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សុខាភិបាលបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ សកម្មភាពរបស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តន៍វិធានការសុខាភិបាល ការពារជំងឺកូវីដ១៩មិនល្អដូចនៅឆ្នាំ២០២០នោះទេ ដូច្នេះសូមប្រជាពលរដ្ឋរួមគ្នាបង្កើនវិធានការសុខាភិបាលឱ្យបានព្រមៗគ្នា ដើម្បីឈាន ទៅទប់ស្កាត់ការចម្លងរាតត្បាតជំងឺកូវីដ១៩ដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលធានាបានសុវត្ថិភាពសុខភាពទាំងអស់គ្នា។

Banner Sidebar 1 – ទឹកលាងដៃ

ថ្លែងនៅក្នុងយុទ្ធនាការជាតិក្រោមប្រធាន«រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបាន សង្កេតឃើញថា កាលពីឆ្នាំ២០២០កន្លងទៅ នៅពេលដែលមានការឆ្លងនូវវីរុសកូវីដ១៩ក្នុងព្រះរាជាណាចក្រកម្ពុជា គឺប្រជាពលរដ្ឋលោក មានការយកចិត្តទុកដាក់ និងអនុវត្តនូវវិធានការសុខាភិបាល ដែលបានដាក់ចេញយ៉ាងហ្មត់ចត់ជាទីបំផុត ធ្វើឱ្យ ស្ថានភាពនៃការចម្លង វីរុសកូវីដ១៩ គឺគ្រប់គ្រងបានល្អប្រសើរ និងមិនមានអ្នកស្លាប់នោះទេ។

លោកជំទាវបន្តថា ដោយឡែកនៅក្នុងបរិបទបច្ចុប្បន្ននេះ ស្ថានភាពនៃការចម្លងកូវីដ១៩មានការប្រែប្រួល ហើយវីរុសកូវីដ១៩ ក៏បាន បំប្លែងទៅជាប្រភេទផ្សេងទៀត ប៉ុន្តែការប្រតិបត្តិវិធានសុខាភិបាលរបស់ប្រជាពលរដ្ឋក៏មានការប្រែប្រួល មិនសូវយកចិត្តទុកដាក់ដូចពី មុនឡើយ។ លោកជំទាវបញ្ជាក់ថា សម្រាប់វីរុសកូវីដ១៩បានបំប្លែងប្រភេទថ្មីគឺដែលតា និង អាល់ហ្វា កំពុងមានការឆ្លងជាច្រើនករណី និងកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋធ្វេសប្រហែសក្នុងការអនុវត្តន៍វិធានសុខាភិបាល រួមជាមួយនឹងការនឿយណាយជាមួយ វីរុសកូវីដ១៩ មានរយៈពេលយូរ ធុញទ្រាន់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងពលរដ្ឋមួយចំនួនទៀត គិតថាខ្លួនមិនមានហានិភ័យនៃការឆ្លងនិងចម្លង ដោយអាងលើការចាក់វ៉ាក់សាំងរួចរាល់។

«និយាយអំពីបងប្អូនប្រជាពលរដ្ឋ តើគាត់មានការវិវឌ្ឍន៍ឬក៏មានការប្រែប្រួលបែបណា ពួកគាត់មានភាពនឿយណាយ ដោយសារការវាយលុករបស់វីរុសកូវីដ១៩វាយូរពេកជាងមួយឆ្នាំកន្លះទៅហើយ ស្របពេលដែលពួកគាត់ត្រូវ គិតគូរទៅលើការរស់នៅ ចិញ្ចឹមជីវិតរបស់គាត់ផង។ ហើយទន្ទឹម នឹងនោះ គឺបុគ្គលមួយចំនួនគាត់ហាក់បីដូចជាមានការជឿជាក់ខ្លាំងពេក ហើយក៏មានការ ភាន់ច្រឡំទៅលើការប្រើប្រាស់វ៉ាក់សាំងដោយគាត់យល់ថា កាលណាគាត់ចាក់វ៉ាក់សាំងទៅគឺគាត់មិនមានភាពចាំ បាច់អីក្នុងការអនុវត្តន៍ នូវវិធានការសុខាភិបាលនោះទេ។ហើយក្នុងនោះក៏មានបងប្អូនប្រជាពលរដ្ឋនៅតែមាន ការជួបជុំគ្នារៀបចំនូវពិធីផ្សេងៗ ដែលគាត់យល់ថា វាជាកម្មវិធីចាំបាច់សម្រាប់រូបគាត់។ ហើយក៏មានពលរដ្ឋមួយចំនួនទៀតចូលចិត្តទៅកាន់កន្លែងដែលបិទជិតដែលជាកន្លែងមានហានិភ័យខ្ពស់។ អ៊ីចឹងបញ្ហាទាំងអស់នេះឯង ដែលធ្វើឱ្យការអនុវត្តន៍នូវវិធានការសុខាភិបាលរបស់យើង វាមិនមានភាពហ្មត់ចត់ អ្នកខ្លះក៏ធ្វើទៅ អ្នកខ្លះក៏មិនធ្វើទៅ។ អ៊ីចឹងបានជាយើងសង្កេតឃើញថា ការចម្លងនៃវីរុសកូវីដ១៩ ជាពិសេសពពួកអាល់ហ្វា និងដែលតានេះឯង វាបានកើនឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា»។

ក្នុងឱកាលនោះ លោកជំទាវសង្ឃឹមថា យុទ្ធនាការថ្នាក់ជាតិរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ នឹងជួយពញ្ញាក់ស្មារតីអំពីគ្រោះថ្នាក់ នៃការរាតត្បាតការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍នេះ បានគ្រប់ពេលវេលា និងទាមទារឱ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នា ពីបុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជននានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មុននឹងអ្វីៗយឺតពេល។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) លើពលករត្រឡប់មកពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ (ស្ត្រី២៤៣នាក់) នឹងបានប៉ះពាល់ដល់បណ្តា ២២ រាជធានី-ខេត្ត រួចទៅហើយ លើកលែងតែខេត្តចំនួន ៣ ប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ដែលមិនទាន់មានរបាយការណ៍ពីករណីដែលតា នេះនៅឡើយ៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង