កម្ពុជាអាចចំណាយថវិកាជាង១.៤០០លានដុល្លារក្នុងកិច្ចអន្តរាគមន៍កូវីដ១៩
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា នៅក្នុងការប្រយុទ្ធ ប្រឆំាងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ដើម្បីការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ ទំហំថវិកាសម្រាប់ អន្តរាគមន៍កូវីដ១៩ អាចមានដល់១.៤៥៤លានដុល្លារ។
ថ្លែងទៅកាន់សមាជិក សមាជិកាសភានៅក្នុងសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ពីចម្ងាយ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា គ្រាន់តែការចំណាយទៅលើកម្មវិធីទប់ស្កាត់ និង ព្យាបាលជំងឺកូវីដ១៩ អាចឡើងដល់ប្រមាណ៧៤០លានដុល្លារ ធៀបនឹងការគ្រោងទុកពីដើមឆ្នាំត្រឹមតែ៣០លានដុល្លារ ដែលមិនទាន់ គិតពីការទិញវ៉ាក់សាំងផង។
ឯកឧត្តម សង្កត់ធ្ងន់ថា ការណ៍ដែលមានថវិកាប្រើប្រាស់នៅគ្រាអាសន្នមិនមែនជាការចៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញពីការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា បានថ្លែងដោយការកត់សម្គាល់ថា ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានជួយសង្គ្រោះ ការពារអាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងដោយជំងឺនេះ ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយមិនបានទទួលការព្យាបាល ព្រមទាំងបានថែទាំងអ្នកកើតជំងឺកូវីដដោយមិនគិតថ្លៃ និងបានប្តេជ្ញាចិត្តចាក់វ៉ាក់សាំងជូនប្រជាជន ឱ្យបានយ៉ាងតិច១០លាននាក់នៅក្នុងឆ្នាំនេះ។
លោកជំទាវ មានប្រសាសន៍ថា ទោះបីជាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ កម្ពុជា ប្រឈមនឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក្តី ប៉ុន្តែក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល គឺនៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានកាត់បន្ថយផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច ឱ្យស្ថិតក្នុងកម្រិតទាប។
សូមបញ្ជាក់ថា ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ សមាជិក សមាជិកាសភា ក៏បានស្នើឱ្យរាជរដ្ឋាភិបាលគិតគូរ ពីការស្ដារសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញ ព្រមទាំងធ្វើការកែទម្រង់ឱ្យបានហ្មត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ ជាក់ស្ដែង បំពេញទៅនឹងតម្រូវការបន្ទាន់និងចាំបាច់របស់ប្រជាពលរដ្ឋ ប្រើប្រាស់ធនធានហិរញ្ញវត្ថុឱ្យបានប្រសើរបំផុត ដោយធ្វើការ បែងចែកថវិកាទៅលើវិស័យជាអាទិភាពនានា គាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ព្រមទាំងកសាងបាននូវភាពស៊ាំ៕
ប្រភព៖ ក្រសួងព័ត៍មាន