រដ្ឋមន្ត្រីក្រសួងកសិកម្មឆ្លើយតបនិងដាក់ចំៗទៅក្រុមហ៊ុនចំនួនបួនរឿងនាំជ្រូកចូលមកកម្ពុជា
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រុមឈ្មួញ និងក្រុមហ៊ុនមួយចំនួនដែលបានចោទប្រកាន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញគោលការណ៍ អនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លាភាព ធ្វើឲ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខ គ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញដំឡើងតម្លៃសាច់ជ្រូកលើទីផ្សារ ឡើងថ្លៃខ្ពស់ស្រេចតែចិត្ត គឺជាការមិនពិតនោះទេ។
រដ្ឋមន្ត្រីបានដាក់ចំៗថា “ជាល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ ។ សំខាន់ទាក់ទងទៅនឹងតម្លៃវាអាស្រ័យទៅលើការចិញ្ចឹមក្នុងស្រុក និងការចាត់ចែងរបស់ទីផ្សារសេរីជាពិសេសមាន ក្រសួងពាណិជ្ជកម្ម គេតាមមើលជាប្រចាំ ។ ក្រសួងកសិកម្ម គ្មានសិទ្ទិទេ”។
ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីក្រុមអាជីវករ និងក្រុមហ៊ុនចំនួនបួនដែលអះអាងថា ធ្លាប់ប្រកបមុខរបរអាជីវកម្ម និងជាអ្នកធ្លាប់នាំសត្វជ្រូករស់ ចូលមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា និងនាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាមបានធ្វើការ ចោទប្រកាន់ទៅលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ក្រសួងកសិកម្មបានចេញគោលការណ៍អនុញ្ញាតឲ្យនាំ ចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លារភាព ធ្វើឲ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខ គ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូកលើទីផ្សារ ឡើងថ្លៃខ្ពស់ស្រេចតែចិត្ត។
ការចោទប្រកាន់នេះ បានធ្វើឡើងតាមរយៈលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងចូលដល់ការិយាល័យរដ្ឋបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រលប់ថ្ងៃទី១៧ ខែសីហានេះថា “ចំពោះសត្វនេះ យើងមិនអាច ចេះតែដេញ ថ្លៃដូចផលិតផលខោអាវ ឡានអីបានទេពីព្រោះមានច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសរោគឆ្លងសត្វ គឺយើងមិនមែនចេះតែអនុញ្ញាតទេទាល់តែមានការបញ្ជាក់ ផ្តល់នៅវិញ្ញាប័នបត្របញ្ជាក់សុខភាពសត្វមុននឹង ឆ្លងពីខេត្តមួយមកខេត្ត មួយឆ្លងពីប្រទេសមួយមក ប្រទេសមួយ គឺគេមានវិន័យ របស់គេ មានក្រឹត្យ ក្រមច្បាប់របស់គេ ទាំងច្បាប់ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ដែលមានអង្គការ សុខភាពសត្វ ពិភពលោកគេតាមដានមើលយើងទាំងអស់គ្នាស្តីអំពីការអនុវត្តច្បាប់ស្តីពីការចរាចរណ៍សត្វមិនមែននឹកឃើញ ស្រេចតែវាថាដេញថ្លៃនេះដេញថ្លៃនោះអត់បានទេគឺកម្រិតកំណត់នៃការចែកចាយយើងមិនចេះយកសត្វឈឺមកចែកចាយនៅកម្ពុជាបាននោះទេ នេះជាវិធានការច្បាប់ចំពោះមុខដែលយើងកំពុងតែមាន”។
រដ្ឋមន្ត្រីក្រសួងបានសង្កត់ ធ្ងន់ថា “… យើងមើលប៉ុន្មាន ថ្ងៃនេះដឹងហើយ គ្រាន់តែមានបញ្ហាតិចតួចគេទប់ស្កាត់ផ្លែតាងែន របស់យើងមិនឲ្យចូលទឹក ដីថៃ ទេ ហើយ ប្រជាជនបាតុកម្មមិនឲ្យផលិតផល ថៃ ចូលកម្ពុជា ហើយក្រុមនេះគិត តែបំផុសឲ្យយកផលិតផលមកចាក់ចោលនៅកម្ពុជា ធ្វើឲ្យបាត់បង់ឱកាសមាសសម្រាប់ប្រជាជនខ្មែរក្នុងការផលិត។
ហើយមួយថ្ងៃទៅមួយថ្ងៃសកម្មភាព របស់ខ្ញុំខំបំផុសឲ្យ ប្រជាជន ខ្មែរ ទិញផលិតផល ខ្មែរ ដែលផលិតបានដាំបានយកមកទទួល ទាន កុំឲ្យ ប្រើ ប្រាស់ របស់គេ ដែល ជាផល ប្រយោជន៍សេដ្ឋកិច្ច របស់ គេ អ្វី ដែល យើង ធ្វើ បាន យើង គួរតែទិញ របស់ខ្មែរ យើងបើទោះ ថ្លៃបន្តិចបន្តួច ដោយសារ កម្ពុជាមិនទាន់កែច្នៃបាន ល្អ ប្រសើរដូចជា ចំណីនៅថ្លៃជាងគេបន្តិចដោយសារភ្លើងថ្លៃ។ អីចឹងទៅវានៅកម្រិតមួយ ខ្ពស់ ។ចិញ្ចឹមទៅវារាងថ្លៃបន្តិច គឺមិនអាចបញ្ចុះថោកបានទេវាអាស្រ័យទៅលើអ្នកចិញ្ចឹម ក្នុង ស្រុក ។
អ្នកចិញ្ចឹម ក្នុង ស្រុកគឺគាត់បាន ត្អូញត្អែរយើងបាន ដឹងទាំងអស់។ សមាគមចិញ្ចឹមសត្វគាត់ ធ្វើសន្និសីទកាសែតជាបន្តបន្ទាប់ បើសិនជាយើងមិនពុះពារខិតខំ ប្រឹង ប្រែងដោះស្រាយ ដោយ ខ្លួនឯង ទេ បើសិនជាយើងបើកចំហរឲ្យនាំចូលនោះកម្ពុជានឹង ធ្វើខ្ញុំគេជារៀងរហូតទៅ។
នេះ គឺជាអ្វីដែលជាជំហរ របស់របស់ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ។ ដូចជាប៉ុន្មាន ថ្ងៃនេះ យើងខំបំផុសឲ្យ ខ្មែរចេះទិញផលិតផល ខ្មែរ ជាពិសេសផ្លែតាងែនមកចែកចាយ ប្រជាជនក្នុងស្រុក ដើម្បី ផល ប្រយោជន៍ ប្រជាជនយើងទាំងមូលឲ្យចេះ ប្រឹងទាំងអស់នេះគ្នា នេះគឺជាចំណុច ពិសេស”។លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “នេះជានយោបាយរបស់ខ្ញុំកញ្ជះដាច់ថ្លៃរបស់គេ ចង់យកមកកំទេចនៅអ្វី ដែល ជាផលិតកម្ម របស់ខ្មែរ”៕