សាលារៀនអាចបើកដំណើរ ការឡើងវិញនៅចុងឆ្នាំនេះបាន លុះត្រាតែមានការចូល រួមពីប្រជាពលរដ្ឋគ្រប់រូប

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលបញ្ជាក់ថា សាលារៀនអាចបើកដំណើរការឡើងវិញនៅចុងឆ្នាំនេះបាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប សម្របខ្លួនក្នុងការរស់នៅតាមបែបគន្លងថ្មី ក្នុងអំឡុងសង្គមជាតិមានការរាតត្បាញជំងឺកូវីដ- ១៩ និងការអនុវត្តន៍វិធានការ ៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួន ។

Banner Sidebar 1 – ទឹកលាងដៃ

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា វីរុសកូវីដ១៩ បានបំប្លែងប្រភេទថ្មីគឺដែលតា និង អាល់ហ្វា កំពុងមានការឆ្លងជាច្រើនករណីនិងកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋធ្វេសប្រហែសនូវការអនុវត្តវិធានសុខាភិបាល រួមជាមួយនឹងការនឿយ ណាយជាមួយ វីរុសកូវីដ១៩ មានរយៈពេលយូរ ធុញទ្រាន់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងពលរដ្ឋមួយចំនួនទៀត គិតថាខ្លួនមិនមានហានិភ័យនៃការឆ្លងនិងចម្លងដោយអាងក្រោយពីការចាក់វ៉ាក់សាំងរួច រាល់។ លោកជំទាវបន្តថា ក្នុងបរិបទនេះ ការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ គឺជាចំណុចដ៏សំខាន់បំផុត នៅក្នុងបរិបទទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសការសម្របខ្លួនក្នុងការរស់នៅតាមបែបគន្លងថ្មី ក្នុងអំឡុងសង្គមជាតិមានការរាតត្បាតជំងឺកូវីដ-១៩ នឹងធានាបានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយធ្វើឱ្យសង្គមឆាប់វិលទៅរកភាពប្រក្រតីវិញ ដើម្បីឈានទៅអាចបើកដំណើរសាលារៀនឡើងវិញនៅចុងឆ្នាំនេះបាន។

« បញ្ហាថាតើយើងអាចបើកសាលារៀនបានដែរឬទេ នៅចុងឆ្នាំនេះ ខ្ញុំសុំបញ្ជាក់ថាការបើកបានឬមិនបាន អាស្រ័យទៅលើការចូល រួមរបស់ប្រជាពលរដ្ឋនៅពេលនេះ យើងកំពុងតែដាក់ចេញនូវយុទ្ធនាការ ដើម្បីផ្សព្វ ផ្សាយអប់រំ ជាយុទ្ធនាការជាតិ ដែលបានធ្វើទូទាំងប្រទេសតែម្តង ទាំង២៥រាជធានី ធ្វើទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងភូមិ ដើម្បីរួមគ្នាធ្វើការទប់ស្កាត់កុំឱ្យមានការឆ្លងនូវវីរុសកូវីដ១៩។ ប្រសិនបើយើងទាំងអស់រួមគ្នាទៅ ក្នុងរយៈពេល១ខែឬ២ខែទៅមុខទៀត ប្រសិនជាយើងអាចធ្វើទៅបាន យើងនឹងអាចសង្ឃឹមថា ការរីករាលដាលនៃវីរុសកូវីដ១៩ វានឹងអាចធ្លាក់ ចុះ។ អ៊ីចឹងបើសិនមានការធ្លាក់ចុះ យើងនឹងបន្តអនុវត្តន៍វិធានការរបស់យើង ដូចនេះវានឹងផ្តល់នូវលទ្ធភាពសម្រាប់យើងនៅក្នុងការគិតគូរ។ ក៏ប៉ុន្តែ ក៏អាស្រ័យទៅលើការចាត់ចែងរៀបចំ របស់ក្រសួងអប់រំយុវជននិងកីឡាផងដែរ ថាគាត់មានភាពរួចរាល់ត្រឹមណាហើយម៉្យាងវិញទៀត ក៏ត្រូវតែមានការសម្រេចដ៏ខ្ពង់ ខ្ពស់ពីសម្តេចតេជោផងដែរ»។

កាលពីពេលកន្លងទៅនេះ សម្តេចតេជោ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សំាងទៅដល់ក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែសីហា ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ។ ហើយរហូតមកដល់ពេលនេះ នៅបណ្តាខេត្តមួយចំនួនទៀតក៏បានចាប់ផ្តើមចាក់វ៉ាក់សំាងបង្ការកូវីដ១៩ ជូនកុមារនិងយុវវ័យអាយុ ១២ដល់ក្រោម១៨ឆ្នាំ ដើម្បីធានាសុវត្ថិភាព និង បង្កើតភាពសុំាក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គម ឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សូមបញ្ជាក់ថា រយៈពេល ១៧ថ្ងៃ នៃការចាប់ផ្តើមដំណើរ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៦៣៤,២៨០នាក់ ខណ:ទូទាំងប្រទេសចាក់បានចំនួន ៩,១៥៧,២៤៥នាក់ (គិតត្រឹមថ្ងៃទី១៧ ខែសីហា) ៕

អត្ថបទដែលជាប់ទាក់ទង