សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ-១៩
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលសភាប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេ នៅរសៀលថ្ងៃ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ថា ស្ថិតក្នុងកាលៈទេសៈសព្វថ្ងៃនេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមល ឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុនទៅនឹងវិបត្តិផ្សេងៗ។
សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័សលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។ ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥” ជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិក AIPA ទំាង១០ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃប្រទេសព្រុយណេ ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ា លើកទី៤២ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
សម្តេចបានគូសបញ្ជាក់បន្តថា សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១- ២០៣៥ ” ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក សំដៅជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថល។
គោលនយោបាយនេះ នឹងជួយជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវ នាវដល់អាស៊ាន និងអាយប៉ា ជំរុញនិងលើកកម្ពស់ឌីជីថលរូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី។
សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលបនីយកម្ម ប្រកបដោយបរិយាប័ន្ន។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅកម្ពុជា នាចុងឆ្នាំ២០២១នេះផងដែរ។
សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ៊្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម។ អន្តរសភាអាស៊ានជាការប្រមូលផ្តុំសំឡេងប្រជាពល រដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។
មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេន នៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ នៅឆ្នាំ២០២២ខាងមុខនេះ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៤៣ ហើយពិធីប្រគល់តួនាទីជាប្រធានប្តូរវេន AIPA ដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់ នៃពិធីបិទមហាសន្និបាត AIPA លើកទី៤២នេះផងដែរ ៕